(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ធ្លាប់មានការព្រួយបារម្ភខ្លាចក្រែងមិនអាចនិយាយភាសា អង់គ្លេសបានល្អជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅអំឡុងកិច្ចប្រជុំកំពូលនៅឯប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងដកស្រង់ចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០១៩។

សារព័ត៌មានកូរ៉េខាងត្បូង Kyunghyang ផ្អែកលើអតីតមន្ត្រីជំនិតប្រធានាធិបតី លោក មូន ជែអ៊ីន គឺលោក Tak Hyun Min បានឱ្យដឹងទៀតថា លោក គីម ជុងអ៊ុន បានបង្ហាញការព្រួយបារម្ភរបស់លោកប្រាប់លោក មូន នៅអំឡុង កិច្ចប្រជុំមួយកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅឯភូមិ Panmunjom។ លោក Tak បានបញ្ជាក់ឡើងវិញពី សម្ដីលោក គីម ដូច្នេះថា៖ « ខ្ញុំពិតជាព្រួយបារម្ភចំពោះការនិយាយភាសាអង់គ្លេសមិនសូវបានល្អ...ពីព្រោះខ្ញុំអាច និយាយបានល្អតែភាសាអាល្លឺម៉ង់»

គួរបញ្ជាក់ថា បើតាមលោក Tak Hyun Min នៅក្នុងជំនួបជាប្រវត្តិសាស្ត្រនៅឯភូមិ Panmunjom កាលពីឆ្នាំ២០១៨ លោក មូន ជែអ៊ីន បាននិយាយថាលោកពិតជាមានកិច្ចសន្ទនាប្រកបដោយមិត្តភាពជាមួយលោក គីម ជុងអ៊ុន។ ប៉ុន្តែ បច្ចុប្បន្ន ស្ថានភាពនៅលើឧបទ្វីបកូរ៉េហាក់ដូចជាឡើងកម្ដៅឡើងវិញ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបាញ់សាកល្បងមីស៊ីល រយៈចំងាយខ្លីជាច្រើនគ្រាប់ ក្រោយកិច្ចប្រជុំនៅវៀតណាមជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទទួល បរាជ័យ៕