(ហុងកុង)៖ ក្រោយពីការដាក់ឈ្មោះក្រុមហ៊ុន Huawei ចូលក្នុងបញ្ជីខ្មៅអាមេរិក ក្រុមហ៊ុនធំៗរបស់អាមេរិកដូចជា Google បានចេញមុខប្រកាសផ្អាកការផ្តល់សេវាកម្មដល់ Huawei ហើយក្រុមហ៊ុនផលិតបន្ទះឈីបដូចជា Intel និង Qualcomm ក៏បានសម្រេចផ្អាកការផ្គត់ផ្គង់ដល់ Huawei ថែមទៀត ប៉ុន្តែក្រុមហ៊ុន Huawei ហាក់បានដឹងមុនរួចទៅហើយ ដូចអ្វីដែលត្រូវបានប្រកាសនាពេលកន្លងមក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នាថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៩។

បើតាមក្រុមហ៊ុន Huawei ប្រចាំប្រទេសចិនបានឲ្យដឹងថា ខ្លួនបានអភិវឌ្ឍន៍រួចទៅហើយ នូវប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន (OS) សម្រាប់ផលិតផលស្មាតហ្វូន និងកុំព្យូទ័រ ដែលអាចប្រើប្រាស់នៅលើរាល់ផលិតផលបច្ចេកវិទ្យាទាំងនេះ បើទោះបីជាក្រុមហ៊ុនយក្សអាមេរិក ទាំងឡាយ ដូចជា Google និង Microsoft បញ្ឈប់ការផ្តល់សេវាកម្មដល់ Huawei ទៀត ហើយដែលនេះគឺជាផែនការ B (Plan B) ដែលក្រុមហ៊ុនយក្សចិននេះចាប់ផ្តើមធ្វើតាំងពីឆ្នាំ២០១២ មកម្ល៉េះ។

ប្រធានផ្នែកផលិតស្មាតហ្វូនរបស់ Huawei លោក Richard Yu បានប្រាប់កាសែតអាល្លឺម៉ង់ Die Welt តាំងពីថ្ងៃទី១៤ ខែឧសភាមកម្ល៉េះថា ក្រុមហ៊ុនចិនមួយនេះបានអភិវឌ្ឍន៍ OS ដ៏សម្បូរបែបមួយរួចទៅហើយ ដើម្បីត្រៀមទុកក្នុងពេលមានភាពតានតឹងរវាងរដ្ឋាភិបាលអាមេរិក និងក្រុមហ៊ុន ដែលពេលនោះរដ្ឋាភិបាលអាមេរិក នឹងអាចបង្កផលប៉ះពាល់ការផ្តល់សេវាកម្ម ពីសំណាក់ក្រុមហ៊ុន អាមេរិកនានា មកដល់ផលិតផលបច្ចេកវិទ្យាទាំងឡាយរបស់ Huawei។ មិនខុសពីការសន្និដ្ឋាននោះឡើយ គឺនៅថ្ងៃទី១៩ ខែឧសភា ក្រុមហ៊ុនអាមេរិក Google បានសម្រេចផ្អាកការផ្គង់សេវាកម្មដល់ Huawei អនុឡោមតាមរដ្ឋបាល ដូណាល់ ត្រាំ។

គួរបញ្ជាក់ថា តាមកាសែតហុងកុងខាងលើនេះ ក្រុមហ៊ុន Huawei បានដុតដៃដុតជើងបង្កើត OS ផ្ទាល់ខ្លួនចាប់តាំងពីសហរដ្ឋអាមេរិក បានបើកការស៊ើបអង្កេតមកលើក្រុមហ៊ុននេះ រួមទាំងក្រុមហ៊ុនចិនមួយទៀតគឺ ZTE នៅឆ្នាំ២០១២ ក្នុងករណីដែល Huawei មិនអាចប្រើប្រាស់ Android តទៅទៀត នោះផែនការ B មានរួចជាស្រេចដើម្បីដាក់ចេញ។ យ៉ាងណាក៏ដោយ ក្រោយការប្រកាសរបស់ Google នៅថ្ងៃទី១៩ ខែឧសភា គេនៅមិនទាន់ឃើញមាន ការបកស្រាយណាមួយ អំពីអនាគតនៃប្រព័ន្ធប្រតិបត្តិការថ្មីរបស់ Huawei ឬក៏កិច្ចចរចាអ្វីជុំវិញផ្នែកមួយ នៃជម្លោះពាណិជ្ជកម្មដ៏ក្តៅគគុកនេះឡើយ៕