(ហ្សាការតា)៖ តុលាការមួយនៅប្រទេសឥណ្ឌូណេស៊ី នាថ្ងៃចន្ទនេះ បានសម្រេចផ្តន្ទាទោសប្រហារជីវិត ជនជាតិបារាំងម្នាក់ឈ្មោះ Felix Dorfin ​ពីបទរត់ពន្ធគ្រឿងញៀន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៩។

លោក Dorfin អាយុ៣៥ឆ្នាំ ត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ីឃាត់ខ្លួន កាលពីកញ្ញា ឆ្នាំ២០១៨ នៅពេលលោកកំពុងយួរវ៉ាលីមួយមាន​ផ្ទុកគ្រឿងញៀនទម្ងន់ប្រមាណ០៣គីឡូក្រាម នៅអាកាសយានដ្ឋានលើកោះទេសចរណ៍ Lombok ដែលស្ថិតនៅក្បែរកោះ​បាលី។ ខណៈក្រុមរដ្ឋអាជ្ញាឥណ្ឌូណេស៊ី បានស្នើឲ្យដាក់ទោសត្រឹម២០ឆ្នាំប៉ុណ្ណោះ តុលាការឥណ្ឌូណេស៊ី បានសម្រេចផ្តន្ទាទោសប្រហារ​ជីវិត លោក Dorfin តែម្តង​។

គួរជម្រាបថា ឥណ្ឌូណេស៊ី គឺជាប្រទេសមួយដែលមានច្បាប់ដ៏តឹងរ៉ឹង សម្រាប់ដាក់ពិន័យលើការរត់ពន្ធគ្រឿងញៀន រួមមានទាំង ការប្រហារជីវិតដោយក្រុមបាញ់កាំភ្លើងជាដើម ហើយក៏ធ្លាប់បានប្រហារជីវិតជនបរទេស ដែលប្រព្រឹត្តល្មើសនាពេលកន្លងមក​​ដែរ តួយ៉ាងកាលពីឆ្នាំទៅមិញ ក្រុមរត់ពន្ធគ្រឿងញៀនតៃវ៉ាន់ចំនួន០៨នាក់ ត្រូវបានកាត់ទោសប្រហារជីវិត ក្រោយរកឃើញថ្នាំញៀន​​ទឹកកកមេតាំហ្វេតាមីន ទម្ងន់ប្រហែល០១តោន៕