(វ៉ាស៊ីនតោន)៖ កងនាវាអាមេរិកបានឱ្យដឹងថា ខ្លួនបានដឹកនាំការធ្វើសមយុទ្ធយោធានៅតំបន់សមុទ្រអារ៉ាប់ ចំពេល ភាពតានតឹងជាមួយអ៊ីរ៉ង់កាន់តែកើនឡើងជាលំដាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃអាទិត្យ កងនាវាអាមេរិក បានបញ្ជាក់ទៀតថាសមយុទ្ធយោធា និងការបណ្ដុះបណ្ដាលជាច្រើនត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍កន្លងទៅ ដោយមានការចូលរួមពី កងកម្លាំងនាវាផ្ទុកយន្ដហោះអាមេរិក USS អាប្រាហាំ លីងខិន (USS Abraham Lincoln) និងកងនាវាចម្បាំង Kearsarge រួមទាំងកងអង្គភាពម៉ារីនទី២២ ក្រោមកិច្ចសម្របសម្រួលពីកងម៉ារីនអាមេរិក។

គួរបញ្ជាក់ថា បើតាមសេចក្ដីប្រកាសព័ត៌មានដដែល សមយុទ្ធយោធាខាងលើក៏មានផងដែរការបណ្ដុះបណ្ដាល ការបាញ់មីស៊ីលចេញពីនាវាចម្បាំង និងការបង្កើតការទំនាក់ទំនងរួម ដើម្បីងាយស្រួលក្នុងការឆ្លើយតប និង គ្រប់គ្រងស្ថានការណ៍៕