(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាហើយលើសេចក្ដីប្រកាស «លុបចោលការដំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូម» ដែលនាំចូលពីប្រទេសកាណាដា និងម៉ិចសីកូ។ ការលុបចោលការ ដំឡើងពន្ធនេះនឹងត្រូវចូលជាធរមាន ចាប់ពីថ្ងៃចន្ទសប្ដាហ៍នេះតទៅ។ នេះបើតាមការ​ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៩។

យោងតាមសេចក្ដីប្រកាសខាងលើពន្ធបន្ថែម ២៥ភាគរយលើការនាំចូលដែកថែប និង ១០ភាគរយលើអាលុយមីញ៉ូម ពីកាណាដា និងម៉ិចស៊ីកូ ត្រូវបានលុបចោល។ ការសម្រេចចិត្តនេះទៀតសោត ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងកាណាដា​កាលពីថ្ងៃសុក្រសប្ដាហ៍មុនបានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ ពីការព្រមព្រៀងគ្នាលុបចោល ការដំឡើងពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូមទៅវិញទៅមក។ លើសពីនេះទៀតលោក ដូណាល់ ត្រាំ បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោនបានឈានដល់កិច្ចព្រមព្រៀងដូចគ្នានេះ ជាមួយម៉ិចស៊ីកូផងដែរ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តដំឡើងពន្ធ ២៥ភាគរយលើដែកថែប និង ១០ភាគរយលើអាលុយមីញ៉ូម​ពីបណ្ដាប្រទេសជាច្រើន ជាហេតុបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំង រហូតដល់ផ្ទុះជាសង្រ្គាមពាណិជ្ជកម្ម​រវាងសហរដ្ឋអាមេរិក និងចិននាពេលបច្ចុប្បន្ន៕