(ឡុងដ៍)៖ អ្នកដំណើររាប់ពាន់នាក់បានកកស្ទះនៅក្នុងអាកាសយានដ្ឋាន Manchester នៃប្រទេសអង់គ្លេស ក្រោយជើងហោះហើរជាច្រើនត្រូវបានលុបចោល និងពន្យារពេល ដោយសារតែបញ្ហាផ្នែកចាក់សាំងបញ្ចូលយន្តហោះ។ នេះបើតាមការដកស្រង់ការដកស្រង់ ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៩។

បញ្ហាខាងលើបានចាប់ផ្តើមឡើង កាលពីរសៀលថ្ងៃអាទិត្យ (ពេលវេលានៅអង់គ្លេស) ហើយជើងហោះហើរ ដែលត្រូវបានលុបចោលមានចំនួន ៨៧ ខណៈជើងហោះហើរជាច្រើនទៀត ត្រូវបានពន្យារពេលជាច្រើនម៉ោង។ យ៉ាងណាមិញ បើតាមអ្នកនាំពាក្យព្រលានយន្តហោះ Machester បញ្ហានោះត្រូវបានដោះស្រាយរួចហើយ ហើយជើងហោះហើរភាគច្រើន នឹងអាចធ្វើប្រតិបត្តិការដូចដើមឡើងវិញនាថ្ងៃចន្ទនេះ ប៉ុន្តែក៏អាចនៅមានការរាំងស្ទះមួយចំនួនតូចផងដែរ។

គួរជម្រាបថា ព្រលានយន្តហោះ Manchester គឺជាអាកាសយានដ្ឋានអន្តរជាតិ ដ៏មមាញឹកបំផុតមួយនៅចក្រភពអង់គ្លេស ហើយបញ្ហាដូចខាងលើនេះត្រូវបានគេអះអាងថា ក៏ធ្លាប់កើតមានផងដែរកាលពីមុន៕