(តេហេរ៉ង់)៖ មេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក Hossein Salami បានប្រៀបធៀបសហរដ្ឋអាមេរិកទៅនឹង អគារពាណិជ្ជកម្មពិភពលោក World Trade Center ដែលបានដួលរលំដោយសារការវាយប្រហារមហាភេរវកម្មថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០០១ ខណៈភាពតឹងជាមួយទីក្រុងវ៉ាស៊ីនតោនកាន់តែឡើងកម្ដៅ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០១៩។

លោក Salami ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសម្រង់សម្ដីមួយចេញផ្សាយដោយសារព័ត៌មានអ៊ីរ៉ង់ Fars កាលពី ថ្ងៃសៅរ៍។ មេបញ្ជាការរូបនេះបានលើកឡើងដូច្នេះថា៖«ប្រព័ន្ធនយោបាយសហរដ្ឋអាមេរិកមើលទៅគឺមានទំហំធំមហិមា ប៉ុន្តែវាដូចជាឆ្អឹងពុកមួយអីចឹង...ហើយជាការពិតសហរដ្ឋអាមេរិកប្រៀបបានទៅនឹងអគារ World Trade Center ដែល បានដួលរលំដោយសារការវាយប្រហារមួយភ្លាមៗ»

តែទោះជាយ៉ាងនេះក្ដី រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammed Javad Zarif បានអះអាងថាប្រទេសរបស់លោក មិនចង់ធ្វើសង្រ្គាមជាមួយសហរដ្ឋអាមេរិកឡើយ ប៉ុន្តែថាបើទោះជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនចង់ មានសង្រ្គាមជាមួយអ៊ីរ៉ង់ដែរក៏ដោយ ប៉ុន្តែមន្ត្រីអាមេរិកខ្លះនៅតែដុតបញ្ឆេះលោកឱ្យធ្វើសង្រ្គាមជាមួយទីក្រុង តេហេរ៉ង់៕