(រីយ៉ាដ)៖​ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃអាទិត្យនេះបានចេញសេចក្ដីថ្លែងការណ៍មួយដោយបញ្ជាក់ថា ទីក្រុងរីយ៉ាដ​​ មិនចង់ឱ្យសង្រ្គាមនៅក្នុងតំបន់ផ្ទុះឡើងនោះទេ ប៉ុន្តែបានត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបដោយ កម្លាំងបាយទៅនឹងរាល់ការឈ្លានពានទាំងឡាយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០១៩។

ថ្លែងនៅលើ Twitter រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត លោក Al Jubeir បានលើកឡើងដូច្នេះថា៖ «អារ៉ាប៊ីសាអូឌីតមិនចង់ឱ្យសង្រ្គាមនៅក្នុងតំបន់ផ្ទុះឡើងឡើយ ហើយនឹងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីបង្កាសង្រ្គាម នេះ។ ប៉ុន្តែបើសិនជាភាគីណាមួយជ្រើសរើសយកការធ្វើសង្រ្គាម នោះយើងនឹងប្រើកម្លាំងបាយឆ្លើយតបវិញសំដៅ ការពារខ្លួនឯង និងផលប្រយោជន៍របស់យើង»

គួរបញ្ជាក់ថា ទោះបីជាមិនបានបញ្ជាក់ថាភាគីណាមួយឱ្យប្រាកដក៏ដោយ តែគេដឹងថាសេចក្ដីថ្លែងការណ៍ខាងលើចង់ សំដៅទៅលើអ៊ីរ៉ង់ ដែលកំពុងត្រូវបានជាប់សង្ស័យថាជាអ្នកវាយប្រហារលើកប៉ាល់ដឹងប្រេង៤គ្រឿង ក្នុងមានកប៉ាល់ អារ៉ាប៊ីសាអូឌីត២គ្រឿងនៅឯតំបន់ឈូងសមុទ្រនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមកាលពីសប្ដាហ៍មុន៕