(បាកដាដ)៖ បុគ្គលិកបរទេសដែលបម្រើការងារឲ្យក្រុមហ៊ុនរុករកប្រេង Exxon Mobil នៅក្នុងប្រទេសអ៊ីរ៉ាក់ ត្រូវបានជម្លៀសចេញតាមជើងយន្តហោះទាំងយប់ថ្ងៃសុក្រ និងឈានមកដល់ព្រឹកថ្ងៃសៅរ៍នេះតែម្តង ឆ្លើយតបចំពោះស្ថានការណ៍​ដែលបន្តក្តៅគគុកនៅតំបន់មជ្ឈិបូព៌ា​រវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាល្ងាចថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៩។

ប្រភពខាងលើនេះបានឲ្យដឹងទៀតថា បុគ្គលិកបរទេសដែលត្រូវបានជម្លៀសចេញយ៉ាង​បន្ទាន់ខាងលើនេះ គឺសុទ្ធសឹងតែបម្រើការងារនៅតំបន់រុករកប្រេង វែសត៍ក្វាណា ១ (West Qurna 1) ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន អេកហ្សុន ម៉ូប៊ីល (Exxon Mobil) ដោយពួកគេបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិអ៊ីរ៉ាក់ ឆ្ពោះដោយផ្ទាល់ទៅកាន់​ទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម តែម្តង។ ទោះបីជាបែបនេះក្តី ខាងមន្ត្រីប្រេងរបស់អ៊ីរ៉ាក់វិញ​បានឆ្លៀតបញ្ជាក់ផងដែរថា ការជម្លៀសបុគ្គលិកបរទេសចេញជាបណ្តោះអាសន្ននេះ គឺនឹងមិនបង្កផលប៉ះពាល់ដល់ផលិតកម្មប្រេង ជាប្រចាំថ្ងៃនោះឡើយ។

គួរបញ្ជាក់ថា ទោះបីជារដ្ឋបាលលោក ដូណាល់ ត្រាំ ធ្លាប់បានអះអាងថា អាមេរិកមិនមាន​ចេតនាបង្កសង្គ្រាមជាមួយអ៊ីរ៉ង់ក៏ដោយ ប៉ុន្តែសព្វាវុធុនធ្ងន់ទាំងអស់របស់ខ្លួន ត្រូវបានបញ្ជូនមកកាន់តំបន់មជ្ឈិមបូព៌ារួចមកហើយ ដើម្បីកំញើញប្រទេសអ៊ីរ៉ង់ដោយចំពោះ ហើយប្រទេសនានាក្នុងតំបន់ សុទ្ធតែមានការព្រួយបារម្ភចំពោះស្ថានការណ៍តានតឹងនេះ។ សហរដ្ឋអាមេរិកបានចោទប្រកាន់ថា ប្រទេសអ៊ីរ៉ង់កំពុងតែរៀបចំផែនការ ​វាយប្រហារមកលើសម្ព័ន្ធមិត្ត​របស់អាមេរិក ដូចជាអ៊ីរ៉ាក់ជាដើម៕