(សៀងហៃ)៖ កាសែតរដ្ឋចិន The People's Daily បានចុះផ្សាយនាថ្ងៃសៅរ៍នេះថា សហរដ្ឋអាមេរិកបានប្រឌិត និងរៀបចំឡើងនូវការចោទប្រកាន់ដែលថា ប្រទេសចិនបានបង្ខិតបង្ខំឲ្យក្រុមហ៊ុនបរទេស ប្រគល់បច្ចេកវិទ្យាមកឲ្យខ្លួន ដើម្បីជាថ្នូរនឹងការចូលមករកស៊ី នៅក្នុងទីផ្សារដ៏ធំជាងគេបំផុតនៅលើពិភពលោកនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៩។

កាលពីសប្តាហ៍មុនទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើមអនុវត្តន៍ ការដំឡើងពន្ធលើទំនិញនាំចូលពីចិនទំហំ ២០០ពាន់លានដុល្លារ នៅចំពោះមុខការរិះគន់ថា ទីក្រុងប៉េកាំងមិនបានខិតខំប្រឹងប្រែង ដោះស្រាយ ក្តីព្រួយបារម្ភរបស់អាមេរិក​ជុំវិញការលួចចម្លងកម្មសិទ្ធិបញ្ញា និងការផ្ទេរបច្ចេកវិទ្យាដោយបង្ខិតបង្ខំ​ទៅឲ្យក្រុមហ៊ុនចិន និងបន្ទាប់ពីកិច្ចចរចាពាណិជ្ជកម្មរវាងប្រទេសមិនបានទទួលលទ្ធផលអ្វី ។

ឆ្លើយតបនឹងការរិះគន់ខាងលើ កាសែតរដ្ឋាភិបាលចិន The People's Daily បានលើកឡើងក្នុងបទវិចារណកថាមួយថា ចិនពុំដែលធ្លាប់បង្ខំក្រុមហ៊ុនអាមេរិក​ឲ្យប្រគល់បច្ចេកវិទ្យាឡើយ ហើយការចោទប្រកាន់នេះត្រូវបានប្រឌិតឡើងសុទ្ធសាធ និងជាវិធីសាស្រ្តចាស់គំរឹលមួយ ដែលទីក្រុងវ៉ាស៊ីនតោនបានប្រើប្រាស់ ដើម្បីប៉ុនប៉ងដាក់គំនៀបមកលើការអភិវឌ្ឍរបស់ចិនតែប៉ុណ្ណោះ។

គួរជម្រាបថា វិវាទផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្ម​រវាងមហាយក្សសេដ្ឋកិច្ចពិភពលោកទាំងពីរនេះ បាននិងកំពុងជះផលអវិជ្ជមានជាខ្លាំងដល់វិនិយោគិន ក៏ដូចជាទីផ្សារសកល។ សហរដ្ឋអាមេរិកបានឲ្យដឹងថា កិច្ចចរចាទំនងជានឹងនៅត្រូវបន្តនាពេលឆាប់ៗ តែចិនវិញបានឲ្យដឹងថា ពុំទាន់មានថ្ងៃកំណត់ជាក់លាក់នៅឡើយទេ៕