(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា រថយន្ត និងគ្រឿងបន្លាស់យានយន្តមួយចំនួន ដែលនាំចូលមកក្នុងប្រទេសរបស់លោក អាចបង្កការគំរាមកំហែងដល់សន្តិសុខជាតិ ខណៈគម្រោងដំឡើងពន្ធលើរថយន្តរបស់អឺរ៉ុប ជប៉ុន និងប្រទេសដទៃទៀតត្រូវបានសម្រេចពន្យារពេលអនុវត្តន៍ ០៦ខែ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៩។

ក្នុងសេចក្តីប្រកាសមួយនាថ្ងៃសុក្រសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានបង្ហាញការយល់ស្របជាមួយរបាយការណ៍សិក្សា របស់ក្រសួងពាណិជ្ជកម្មអាមេរិក ដែលបានកំណត់ថា រថយន្តក៏ដូចជាគ្រឿងបន្លាស់យានយន្តនាំចូលមួយចំនួនកំពុងតែធ្វើឲ្យ សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកអន់ថយ និងអាចបង្កការគំរាមកំហែងដល់សន្តិសុខជាតិ ក៏ប៉ុន្តែមិនមានបញ្ជាក់ចំៗថា តើជារថយន្ត ឬគ្រឿងបន្លាស់ណាខ្លះនោះទេ។

គួរជម្រាបថា ក្នុងថ្ងៃដដែលលោក ត្រាំ ក៏បានប្រកាសពីការពន្យារពេលដំឡើងពន្ធលើរថយន្ត និងគ្រឿងបន្លាស់ដែលនាំចូលមក កាន់អាមេរិកផងដែរ ដោយលោកបានសម្រេចបង្គាប់ឲ្យ ទីភ្នាក់ងារទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្ម USTR បន្តដឹកនាំកិច្ចចរចាជាមួយសហភាពអឺរ៉ុប ជប៉ុន និងប្រទេសឯទៀតៗ ហើយរាយការណ៍ជូនលោកវិញក្នុងរយៈពេល ១៨០ថ្ងៃ៕