(វ៉ាស៊ីនតោន)៖ ក្រសួងកសិកម្មអាមេរិកបានឱ្យដឹងថា ក្នុងសប្ដាហ៍តែមួយដែលប្រធានាធិបតី លោក ដូណាល់ ត្រាំ ប្រកាសដំឡើងពន្ធលើទំនិញនាំចូលពីចិន ទីក្រុងប៉េកាំងបានលុបចោលការបញ្ជាទិញសាច់ជ្រូកជាង ១,២៤៧តោន ពីសហរដ្ឋអាមេរិក ហើយដែលនេះគឺជាការលុបចោលការបញ្ជាទិញធំបំផុត ក្នុងរយៈពេលច្រើនជាងមួយឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០១៩។

យោងតាមក្រសួងកសិកម្មអាមេរិក ការលុបចោលខាងលើកើតមានឡើងកាលពីថ្ងៃទី០៩ ខែឧសភា ហើយវាបានធ្វើឱ្យខាតបង់ដល់ទីផ្សារនាំចេញសាច់ជ្រូកអាមេរិកជាង ៦.៥ពាន់លានដុល្លារ។ ចិនដីគោក និងទីក្រុងហុងកុងគឺជាគោលដៅ នាំចេញសាច់ជ្រូកធំលំដាប់លេខ ២ របស់សហរដ្ឋអាមេរិក។ ប៉ុន្តែ វិស័យនេះចាប់ផ្ដើមជួបផលលំបាក ក្រោយប្រទេស ទាំងពីរធ្វើសង្រ្គាមដំឡើងពន្ធដាក់គ្នាទៅវិញទៅមក និងជាពិសេសបន្ទាប់ពីលេចចេញនូវជំងឺផ្ដាសាយជ្រូកអាហ្រ្វិក។

គួរបញ្ជាក់ថា នៅក្នុងរបាយការណ៍របស់ខ្លួន ក្រសួងកសិកម្មអាមេរិក ហាកដូចចង់ទាញភ្ជាប់ការលុបចោល ការបញ្ជាទិញសាច់ជ្រូករបស់ចិន គឺមានជាប់ពាក់នឹងជំងឺផ្ដាយសាយជ្រូកអាហ្រ្វិកជាជាង ដោយសារសង្រ្គាមពាណិជ្ជកម្ម។ បន្ថែមពីលើនេះក្រសួងថែមទាំងបានអះអាងដែរថា នឹងធ្វើតេស្ដលើជំងឺនេះ និងសត្វជ្រូកដែលស្លាប់ក្នុងពេលឆាប់ៗនេះ ដើម្បីទប់ស្កាត់ហានិភ័យនានា បើសិនជាជំងឺនេះរាលដាលដល់សហរដ្ឋអាមេរិក៕