(វៀងច័ន្ទ)៖ គណៈកម្មាធិការមជ្ឈិមនៃគណបក្សបដិវត្តន៍ប្រជាជនឡាវ បានអនុម័តសេចក្តីសម្រេចមួយ ដែលតម្រូវឲ្យរដ្ឋាភិបាលឡាវអនុវត្តន៍តាម ដើម្បីរក្សានូវកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងការគិតគូរខ្ពស់ទៅលើបរិស្ថាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០១៩។

គណកម្មការធិការខាងលើ ដែលជាអ្នកសម្រេចលើគោលនយោបាយនៅក្នុងប្រទេសឡាវ បានអនុម័តសេចក្តីសម្រេចនោះ នៅក្នុងឱកាសនៃការបិទបញ្ចប់សម័យប្រជុំលើកទី ៨ នៃសមាជបក្សលើកទី ១០ ដែលបានប្រព្រឹត្តទៅនៅក្នុងសប្តាហ៍នេះ។ យោងតាមសេចក្តី សម្រេចខាងលើ គន្លងផ្លូវមួយដែលរដ្ឋាភិបាលឡាវត្រូវដើរនោះ គឺលើកកម្ពស់បរិយាកាសអាជីវកម្ម និងវិនិយោគ ដែលត្រូវបានចាត់ ទុកជាលក្ខខណ្ឌចាំបាច់ជាមុន សម្រាប់ឲ្យប្រទេសឡាវរក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួន។

ប្រធានាធិបតីឡាវលោក បួនញ៉ាង វ៉ូរ៉ាឈីត (Bounnhang Vorachit) ដែលមានតួនាទីជាអគ្គលេខាធិការ នៃគណបក្សបដិវត្តន៍ប្រជាជនឡាវផងដែរនោះ បានលើកឡើងថា ដើម្បីលើកកម្ពស់បរិយាកាសអាជីវកម្ម រដ្ឋាភិបាលឡាវនឹងត្រូវកាត់បន្ថយច្បាប់ទម្លាប់ ក៏ដូចជាបែបបទរដ្ឋបាលដែលកំប៉ិកកំប៉ុក និងស្មុគស្មាញចោលខ្លះ។ បន្ថែមពីនេះរដ្ឋាភិបាលត្រូវលើកស្ទួយការអភិវឌ្ឍ សហគ្រាសធុនតូច និងមធ្យម ហើយមួយវិញទៀតត្រូវខិតខំបង្កើតប្រភពចំណូលថ្មីៗ។

ទន្ទឹមគ្នានេះ ខណៈការរក្សាកំណើនសេដ្ឋកិច្ចជាតិឲ្យរឹងមាំគឺជារឿងមួយដ៏ចាំបាច់ គណកម្មាធិការមជ្ឈិមឡាវ ក៏បានគូសបញ្ជាក់ដែរថា គោលដៅនេះ ត្រូវឈរនៅលើគោលការណ៍ដែលមិនប៉ះពាល់ដល់បរិស្ថាន និងប្រកបដោយចីរភាព៕