(អាហ្សង់ទីន)៖ ប្រធានាធិបតីវេណេស៊ុយអេឡោលោក នីកូឡាស់ ម៉ាឌូរ៉ូ បានជួបពិភាក្សាជាមួយក្រុមការងារទំនាក់ទំនងអន្តរជាតិ (ICG) ជាលើកដំបូង បន្ទាប់ពីសហភាពអឺរ៉ុប (EU) បានបង្កើតក្រុមនេះឡើង ដើម្បីជួយស្វែងរកដំណោះស្រាយ ចំពោះវិបត្តិនៅក្នុងប្រទេសវេណេស៊ុយអេឡា។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នារសៀលថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០១៩។

លោក ម៉ាឌូរ៉ូ ទើបតែបានបញ្ចេញឃ្លីបវីដេអូមួយ នៃជំនួបលើកដំបូងបំផុតរបស់លោក ជាមួយនឹងអ្នកតំណាងនៃក្រុមការងារពិសេស ICG ដោយកំឡុងពេលនោះភាគីទាំងពីរ បានជជែកអំពីបញ្ហាជាច្រើន ដោយរួមមានទាំងផលប៉ះពាល់នៃទណ្ឌកម្មរបស់អាមេរិកទៅ លើវេណេស៊ុយអេឡា។ បើតាមលោក ម៉ាឌូរ៉ូ ជំនួបនេះគឺរូបលោកមានបំណងជាពិសេស ដើម្បីប្រាប់ដល់ក្រុមការងារទំនាក់ទំនង ICG អំពីផលវិបាកនៃការដាក់សម្ពាធ និងទណ្ឌកម្មរបស់ ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងប្រទេសរបស់លោកតែម្តង។

គួរជម្រាបថា ក្រុមការងារទំនាក់ទំនងអន្តរជាតិ ICG ត្រូវបានសហភាពអឺរ៉ុបរៀបចំឡើង បន្ទាប់ពីមេបក្សប្រឆាំងវេណេស៊ុយអេឡាលោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) បានប្រកាសលើកខ្លួនឯងជាប្រធានាធិបតីស្តីទី នៃប្រទេសអាមេរិកឡាទីនមួយនេះ ហើយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសហរដ្ឋអាមេរិក ដែលជាហេតុធ្វើឲ្យ វេណេស៊ុយអេឡា ធ្លាក់ក្នុងវិបត្តិនយោបាយដ៏ជ្រៅ។ សម្រាប់ជំនួបខាងលើ មានការចូលរួមពីអ្នកតំណាងមកពីអាល្លឺម៉ង់ បារាំង អ៊ីតាលី ព័រទុយហ្គាល់ អេស៉្បាញ និងហូឡង់៕