(អាមេរិក)៖ ប៉ូលិសនៃទីក្រុងឈីកាហ្គោ (Chicago) សហរដ្ឋអាមេរិក បានចោទប្រកាន់មនុស្ស ០៣នាក់ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះដោយជាប់ ពាក់ព័ន្ធជាមួយករណីឃាតកម្មដ៏អាក្រក់មួយ ទៅលើយុវតីវ័យមានផ្ទៃពោះម្នាក់អាយុ ១៩ឆ្នាំ ដែលក្រោយពីត្រូវគេសម្លាប់រួច កូនក្នុងផ្ទៃរបស់នាងក៏ត្រូវគេវះលួចយកទៅថែមទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០១៩។

បើតាមប៉ូលិសអាមេរិកយុវតីឈ្មោះ ម៉ារឡេន អូឆាវ ឡូប៉េស (Marlen Ochoa-Lopez) វ័យ ១៩ឆ្នាំ ត្រូវបានគេបញ្ឆោតឲ្យទៅផ្ទះមនុស្សម្នាក់ ដែលនាងស្គាល់កាលពីថ្ងៃទី២៣ ខែមេសា កន្លងទៅជាមួយការសន្យាថា រូបនាងនឹងទទួលបានសម្ភារៈសម្រាប់ផ្គត់ផ្គង់ទារក ដោយពុំចាំបាច់ចំណាយអ្វីនោះឡើយ តែផ្ទុយទៅវិញយុវតីដ៏អភ័ព្វនេះ បែរជាត្រូវបានគេរឹតកសម្លាប់យ៉ាងសាហាវព្រៃផ្សៃ ហើយកូនក្នុងផ្ទៃរបស់នាង​ក៏ត្រូវបានវះយកចេញ ដោយនាងពពោះបានរយៈពេល ០៩ខែទៅហើយ។

ពាក់ព័ន្ធមនុស្សទាំង០៣នាក់ខាងលើ គឺមានស្រ្តីឈ្មោះ ក្លារីសា ហ្វីហ្គែរ៉ូវ (Clarisa Figueroa) អាយុ ៤៦ឆ្នាំ និងកូនស្រីឈ្មោះ ដេរីរ៉េ (Desiree) អាយុ ២៤ឆ្នាំ ត្រូវបាន ចោទប្រកាន់ពីបទមនុស្សឃាតដោយចេតនា ខណៈបុរសឈ្មោះ ភីយ៉ូត បូបាក (Piotr Bobak) អាយុ ៤០ឆ្នាំ ដែលត្រូវប៉ូលិសអះអាងថា ជាមិត្តប្រុសរបស់ស្ត្រីឈ្មោះ Figueroa បានរងការចោទប្រកាន់ពីបទ ជួយលាក់បាំងអំពីឃាតកម្មនេះ។

គួរបញ្ជាក់ថា ប៉ូលិសទីក្រុងឈីកាហ្គោបានរកឃើញសាកសពរបស់យុវតី Ochoa-Lopez ក្នុងធុងសំរាមនៅពេលចុះឆែកឆេរផ្ទះរបស់ស្រ្តី Figueroa កាលពីយប់ថ្ងៃអង្គារ​សប្តាហ៍នេះ ខណៈអ្នកទាំងពីរគឺទំនងជាមនុស្សស្គាល់គ្នា ព្រោះ Ochoa-Lopez ធ្លាប់ទិញសម្ភារៈទារកពីស្រ្តីម្នាក់នេះ។

អាជ្ញាធរបានអះអាងថា ក្នុងថ្ងៃកើតហេតុនៅពេលទៅដល់ផ្ទះរបស់ស្រ្តី Figueroa ជនរងគ្រោះត្រូវបានស្រ្តី Figueroa និងកូនស្រី Desiree ប្រើខ្សែកាបរឹតកសម្លាប់ហើយវះយកកូនក្នុងផ្ទៃ។ យ៉ាងណាមិញ ប៉ូលិសមិនបានបញ្ជាក់ពីស្ថានភាពរបស់ទារកនោះឡើយ ហើយដើមហេតុ​ដែលបង្កទៅជាអំពើឃាតកម្មនេះ កំពុងស្ថិតនៅក្នុងការស៊ើបអង្កេត៕