(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិក បានចេញសេចក្តីប្រកាសឲ្យដឹងថា ក្រុមហ៊ុនសំណង់អាមេរិកចំនួនពីរ បានទទួលថវិកាសរុបចូលគ្នាចំនួនជាង ៧៨៧លានដុល្លារ ដើម្បីជួយសាងសង់ជញ្ជាំងព្រំដែន នៅភាគខាងត្បូងប្រទេសជាប់ជាមួយម៉ិចស៊ីកូ ខណៈច្បាប់ទប់ទល់លំហូរជនចំណាកស្រុកថ្មី នឹងត្រូវប្រកាសចេញនាពេលឆាប់ៗខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៩។

សេចក្តីប្រកាសរបស់ក្រសួងការពារជាតិអាមេរិកបានឲ្យដឹងដូច្នេះថា ក្រុមហ៊ុនសំណង់ សោតវែសត៍ វ៉ាលឡេយ៍ (Southwest Valley) នៅក្រុងអាល់ប៊ូខ្វេក (Albuquerque) នៃរដ្ឋ ញូម៉ិចស៊ីកូ (New Mexico) ទទួលបានកិច្ចសន្យាទំហំ ៦៤៦លានដុល្លារ សម្រាប់ការរចនា និងសាងសង់កំណាត់ជញ្ជាំងព្រំដែនក្រុង ធូកសុន (Tucson) នៅរដ្ឋ អារីហ្សូណា (Arizona)។ រីឯក្រុមហ៊ុន BFBC LLC នៅរដ្ឋម៉ុនថាណា (Montana) ទទួលបានថវិកាជិត ១៤២លានដុល្លារសម្រាប់ការរចនា និងសាងសង់នៅក្រុង អ៊ែលសេនត្រុន (El Centron) រដ្ឋកាលីហ្វរញ៉ា និងក្រុងយូម៉ា (Yuma) នៅរដ្ឋ Arizona។

គួរជម្រាបថា កាលពីសប្តាហ៍មុនក្រសួងការពារជាតិអាមេរិក បានបង្វិលលុយប្រមាណ ១.៥ពាន់លានដុល្លារពីកញ្ចប់ថវិកាជាតិរបស់ខ្លួន ដើម្បីយកទៅជួយដល់គម្រោងសាងសង់ ជញ្ជាំងព្រំដែនអាមេរិក-ម៉ិចស៊ីកូ ប្រវែងសរុបជិត ១៣០គីឡូម៉ែត្រ ដើម្បីទប់ទល់នឹងលំហូរជនភៀសខ្លួនខុសច្បាប់ ហើយប្រការនេះវាមានន័យថា ថវិកាដែលទទួលបានទាំងនេះ ត្រូវបានចំណាយអស់ ៧៨៧លានដុល្លារ ក្នុងចំណោមថវិកា ១.៥ពាន់លានដុល្លារ៕