(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងពិចារណាបណ្ដេញលោក ចន បូលតុន (John Bolton) ចេញពីតំណែង ដោយសារតែទីប្រឹក្សាសន្តិសុខជាតិរូបនេះ ចេះតែបញ្ចុះបញ្ចូលឱ្យលោកប្រើកម្លាំងយោធា ដើម្បីប្ដូររបបដឹកនាំនៅក្នុងប្រទេសអ៊ីរ៉ង់ វេណេស៊ុយអេឡា និងកូរ៉េខាងជើង ជាពិសេសគឺកំពុងព្យាយាមនាំសហរដ្ឋអាមេរិក ធ្វើសង្រ្គាមជាមួយគេឯង។ នេះបើតាម The National Interest ដកស្រង់ចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៩។

យោងតាមទស្សនាវដ្ដី The National Interest លោក John Bolton ក៏ជាអ្នកបង្កើតផែនការបញ្ជូនកងទ័ពអាមេរិក ១២០,០០០នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ា​ដើម្បីទប់ទល់ជាមួយអ៊ីរ៉ង់ផងដែរ។ លើសនេះទៅទៀតទស្សនាវដ្ដីបានឱ្យដឹងទៀតថា សូម្បីតែមន្ត្រីក្រសួងការបរទេសអាមេរិក និងអតីតមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោក ត្រាំ សុទ្ធតែមិនពេញចិត្តចំពោះលោក John Bolton ដោយខ្លាចក្រែងទីប្រឹក្សាសន្តិសុខជាតិរូបនេះ នាំសហរដ្ឋអាមេរិកធ្លាក់ចូលក្នុង សង្រ្គាមជាមួយអ៊ីរ៉ង់។ តែយ៉ាងណាខាងសេតវិមានមិនទាន់ធ្វើអត្ថាធិប្បាយណាមួយ នៅឡើយទេ។

គួរបញ្ជាក់ថា នេះមែនជាលើកទីមួយឡើយដែលប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានចុះផ្សាយពីការមិនពេញចិត្តរបស់លោក ត្រាំ ចំពោះលោក Bolton។ ជាក់ស្ដែង សារព័ត៌មាន Washington Post ក៏ធ្លាប់បានរាយការណ៍ដែរថា លោកប្រធានាធិបតីអាមេរិកចោទប្រកាន់លោក Bolton ថាកំពុងរុញឱ្យសហរដ្ឋអាមេរិក ធ្វើសង្រ្គាមជាមួយវេណេស៊ុយអេឡា និងមើលស្រាលពីកម្លាំងរបស់រដ្ឋបាល និងយោធារបស់លោក នីកូឡាស់ ម៉ាឌូរ៉ូ៕