(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានបញ្ចេញរូបភាពកន្លែងដែលយានអវកាសអ៊ីស្រាអែល បានធ្លាក់នៅកំឡុងពេលព្យាយាម ចុះចតកាលពីខែមេសាកន្លងទៅ នៅលើផ្ទៃឋានព្រះច័ន្ទ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៩។

រូបភាពខាងលើត្រូវបានយាន Lunar Reconnaissance Orbiter ហៅកាត់ថា LRO ថតយកពីទីអវកាសនៅរយៈកម្ពស់ ៩០គីឡូម៉ែត្រពីផ្ទៃរបស់ព្រះច័ន្ទ ខណៈដែលវាបានគោចរ ឆ្លងកាត់ពីលើទីតាំងដែលយានឈ្មោះថា Beresheet របស់ប្រទេសអ៊ីស្រាអែល ត្រូវបានបញ្ជាឲ្យចុះចតកាលពីថ្ងៃទី២២ ខែមេសា គឺនៅរយៈពេល ១១ថ្ងៃក្រោយការចុះចតបរាជ័យ។

គួរជម្រាបថា យានអវកាស Beresheet ត្រូវបានគេបាញ់បញ្ជូនចេញពីផែនដី តាមរយៈគ្រាប់រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុនអវកាសអាមេរិក SpaceX កាលពីខែកុម្ភៈ។ ការចុះចតបរាជ័យរបស់វា គឺបង្កឡើងដោយកូដឃ្លាបញ្ជាមួយ ដែលត្រូវបាន​វាយបញ្ចូលទៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់យានអវកាស ហើយក៏បណ្តាលឲ្យម៉ាស៊ីនរបស់វារលត់មុនពេលកំណត់។ ហេតុដូចនេះហើយយាន Beresheet ក៏បានធ្លាក់ទៅបុកនឹងផ្ទៃព្រះច័ន្ទខ្ទេចតែម្តង ដែលស្មើនឹងគំរោងជាង ១០០លានដុល្លារត្រូវរលាយសាបសូន្យ៕