(តេហេរ៉ង់)៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានអះអាងថាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងមិនធ្វើសង្រ្គាមជាមួយគ្នាឡើយ បើទោះជាប្រទេសទាំង២ត្រូវបានគេមើលឃើញថាកំពុងស្ថិតនៅមាត់ជ្រោះ នៃជម្លោះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០១៩។

ថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋនៅថ្ងៃអង្គារសប្ដាហ៍នេះ លោក Khamenei បានលើកឡើងដូច្នេះថា៖ «សង្រ្គាម នឹងមិនផ្ទុះឡើងឡើយ ព្រោះអ៊ីរ៉ង់បានជ្រើសរើសយកការអត់ធ្មត់ជាមធ្យោបាយដោះស្រាយបញ្ហា រីឯសហរដ្ឋអាមេរិកផ្ទាល់ក៏ដឹងដែរថាធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់ គឺគ្មានផលចំណេញអ្វីទាំងអស់»។ ប៉ុន្តែ ព្រមពេល ជាមួយគ្នា មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះបានបញ្ជាក់ថាគ្មានឡើយកិច្ចចរចានុយក្លេអ៊ែរសាជាថ្មី បើទោះជា ទីក្រុងវ៉ាស៊ីនតោនដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ក៏ដោយ។

គួរជម្រាបថា នៅក្នុងជំនួបជាមួយសមភាគីរុស្ស៊ីកាលពីថ្ងៃអង្គារ លោករដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ក៏បាននិយាយដែរថាទីក្រុងវ៉ាស៊ីនតោនមិនចង់ធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់នោះទេ ដោយគ្រាន់តែចង់ឃើញ អ៊ីរ៉ង់មានអកប្បកិរិយាដូចប្រទេសធម្មតាមួយប៉ុណ្ណោះ។ តែយ៉ាងណា លោក ប៉ុមប៉េអូ នៅតែប្រកាន់ជំហរ ដដែលថា សហរដ្ឋអាមេរិកនឹងចាត់វិធានការឆ្លើយតបភ្លាមៗ បើផលប្រយោជន៍អាមេរិករងការវាយប្រហារ ណាមួយ៕