(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថារុស្ស៊ីត្រូវតែមានប្រព័ន្ធការពារប្រឆាំងនឹងអាវុធលឿន ជាងសំឡេង មុននឹងបណ្ដាប្រទេសដទៃផលិតបានអាវុធប្រភេទនេះដែរ ខណៈបច្ចុប្បន្នរុស្ស៊ីគឺជាប្រទេសតែមួយគត់ ដែលមានអាវុធលឿនជាងសំឡេង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០១៩។

លោក ពូទីន ធ្វើការកត់សម្គាល់ខាងលើនៅក្នុងកិច្ចប្រជុំមួយស្ដីពីការអភិវឌ្ឍឧស្សាហកម្មអាវុធរុស្ស៊ី កាលពីថ្ងៃចន្ទ។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីរុស្ស៊ីរូបនេះសង្កត់ធ្ងន់ដូច្នេះថា៖ «បច្ចុប្បន្ន រុស្ស៊ីគឺជាប្រទេសតែមួយគត់ដែលមាន អាវុធលឿនជាងសំឡេង...ប៉ុន្តែនៅពេលអនាគត បណ្ដាប្រទេសដទៃមុខនឹងជាព្យាយាមអភិវឌ្ឍអាវុធនេះដែរ។ ដូច្នេះ រុស្ស៊ីត្រូវតែមានប្រព័ន្ធការពារប្រឆាំងនឹងអាវុធលឿនជាងសំឡេង មុននឹងពួកគេផលិតបានអាវុធប្រភេទនេះ»

គូរជម្រាបថា កាលពីខែមីនាកន្លងទៅ មន្ទីរបញ្ចកោណនៃសហរដ្ឋអាមេរិកបានឱ្យដឹងខ្លួនមានគម្រោងចំណាយប្រាក់ ជាង២.៦ពាន់លានដុល្លារក្នុងការអភិវឌ្ឍអាវុធលឿនជាងសំឡេង បន្ទាប់ពីរុស្ស៊ីបានធ្វើតេស្ដដោយជោគជ័យលើអាវុធ លឿងជាងសំឡេង Avangard កាលពីដើមឆ្នាំ២០១៩នេះ៕