(ប៉េកាំង)៖ បន្ទាប់ពីអាមេរិកបានដំឡើងពន្ធគយពី ១០ភាគរយ ដល់ ២៥ភាគរយ ចំពោះផលិតផលចិនតម្លៃ ២សែនលានដុល្លារអាមេរិក ដែលនាំចូលទៅកាន់អាមេរិក អាមេរិកបានធ្វើការគំរាមកំហែងបន្ថែមទៀតថា នឹងចាប់ផ្តើមអនុវត្តរបៀបវារៈពាក់ព័ន្ធ​សម្រាប់ដំឡើងពន្ធគយដល់ ២៥ភាគរយ ចំពោះផលិតផលចិនផ្សេងទៀតតម្លៃ ៣សែន ២ម៉ឺន ៥ពាន់លានដុល្លារអាមេរិក ដែលនាំចូលទៅអាមេរិក ហើយនិងប្រកាសពីបញ្ជីផលិតផលក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។

ស្របពេលជាមួយគ្នានេះដែរ កិច្ចពិគ្រោះពិភាក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងអាមេរិកជុំទី ១១ បានបញ្ចប់នៅក្រុងវ៉ាស៊ីនតោន ភាគីទាំងពីរឯកភាពគ្នាថា នឹងបន្តជំរុញកិច្ចពិគ្រោះពិភាក្សាជាបន្តទៀត ។

អាមេរិកធ្វើការគំរាមកំហែងថា នឹងដំឡើងពន្ធគយចំពោះផលិតផលចិនទាំងអស់ ដែលនាំចូលទៅកាន់អាមេរិកផង បែរជាបង្ហាញពីបំណងចង់បន្តធ្វើកិច្ចចរចា ជាមួយប្រទេសចិនផង ប្រការនេះបានបង្ហាញឲ្យឃើញថា អាមេរិកនៅតែព្យាយាមប្រើមធ្យោបាយរឹង និងទន់ដើម្បីដាក់សម្ពាធខ្លាំងបំផុត​ទៅលើប្រទេសចិន ក្នុងន័យទទួលបានតម្លៃកាន់តែខ្ពស់​នៅលើតុចរចា។

ប៉ុន្តែបើវិភាគឲ្យល្អិតល្អន់ចំពោះការបង្ហាញជំហរ ទៅកាន់ប្រព័ន្ធសារព័ត៌មានពីសំណាក់លោក Liu He សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ឧបនាយករដ្ឋមន្ត្រីចិន និងជាតំណាងភាគីចិនសម្រាប់កិច្ចសន្ទនាផ្នែកសេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយរវាងចិន និងអាមេរិក បន្ទាប់ពីបញ្ចប់កិច្ចពិគ្រោះពិភាក្សាជាន់ខ្ពស់​ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងអាមេរិកជុំទី ១១ នោះអាមេរិកគួរតែដឹងយ៉ាងច្បាស់ហើយថា ក្នុងកិច្ចពិគ្រោះពិភាក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ប្រទេសចិនផ្តោតសំខាន់ទៅលើបញ្ហាគន្លឹះ ៣ ពោលគឺលុបចោល​ការបន្ថែមពន្ធគយទាំងអស់ តួលេខបញ្ជាទិញត្រូវសមមូលនឹងការពិតជាក់ស្តែង និងកែសម្រួលឯកសារពាក់ព័ន្ធឲ្យមានតុល្យភាព។
ចំពោះបញ្ហាជាគោលការណ៍ និងជាខ្សែបន្ទាត់ក្រហមទាំងនេះ ប្រទេសចិនមិនធ្វើសម្បទានជាដាច់ខាត។ ដូច្នេះមិនថាអាមេរិកដាក់សម្ពោធក្នុងកម្រិតណា ទៅលើប្រទេសចិនក៏ដោយ គឺសុទ្ធតែគ្មានបានផលអី្វឡើយមិនថាពីអតីតកាល បច្ចុប្បន្នកាល ឬអនាគតកាលនោះឡើយ ។

រំលឹកឡើងវិញនូវរយៈពេលជាង ១ឆ្នាំនៃដំណើរពិគ្រោះពិភាក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងអាមេរិកយើងឃើញថា ភាគីទាំងពីរទទួលបាន​ការវិវឌ្ឍន៍រីកចម្រើនយ៉ាងសំខាន់ ហើយក៏ជួបប្រទះឧបសគ្គម្តងហើយម្តងទៀតផងដែរ។ ប្រទេសចិនបានចាត់ទុកប្រការទាំងនេះ ជាភាពបត់បែនជាប្រក្រតី ក្នុងដំណើរការចរចារវាងប្រទេស និងប្រទេស និងបានខិតខំប្រឹងប្រែង ដើម្បីជំរុញកិច្ចពិគ្រោះពិភាក្សា ដោយទឹកចិត្តយ៉ាងស្មោះបំផុតជាប់រហូត ពីព្រោះប្រទេសចិនយល់ដឹងយ៉ាងជ្រាលជ្រៅថា សង្រ្គាមពាណិជ្ជកម្មគ្មានអ្នកឈ្នះនោះទេ ការដំឡើងពន្ធគយគ្មានអំណោយផលដល់ភាគីទាំងពីរចិន និងអាមេរិកនោះឡើយ ហើយក៏គ្មានអំណោយផលដល់ពីភពលោកទាំងមូលផងដែរ។
កិច្ចសហប្រតិបត្តិការទើបជាជម្រើសដ៏ត្រឹមត្រូវតែមួយគត់របស់ចិន និងអាមេរិក។ ប៉ុន្តែ កិច្ចសហប្រតិបត្តិការ គឺត្រូវមានគោលការណ៍។ តាមពិត ការយកចិត្តទុកដាក់សំខាន់ទាំង ៣ របស់ប្រទេសចិនបានបង្ហាញចំពោះពិភពលោកទាំងមូល នូវខ្សែបន្ទាត់ក្រហមរបស់ប្រទេសចិន ក្នុងកិច្ចពិគ្រោះពិភាក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលដាច់ខាតមិនអនុញ្ញាតឲ្យប្រទេសអាមេរិក ធ្វើបំពាននោះឡើយ។

ប្រសិនបើអាមេរិកទទូចបន្តដំឡើងពន្ធគយទៀតនោះ ប្រទេសចិនពិតជានឹងចាត់វិធានការ​តបតវិញជាមិនខាន។ បន្ទាប់ពីជម្លោះសេដ្ឋកិច្ច និងពាណិជ្ជកម្មអស់រយៈជាង ១ឆ្នាំ ប្រទេសចិនស៊ូធន់បាននូវបញ្ហាប្រឈមលើគ្រប់វិស័យ មិនគ្រាន់តែអាចទប់ទល់នឹងសម្ពាធ កាន់តែខ្លំាងឡើងៗប៉ុណ្ណោះទេ ថែមទាំងមានភាពកាន់តែចាស់ទុំ និងសមត្ថភាពរឹងមាំក្នុងការដោះស្រាយ​នឹងបញ្ហាប្រឈមទៀតផង ។
អនុលោមតាមរបាយការណ៍សិក្សស្រាវជ្រាវមួយ របស់ក្រុមហ៊ុនប្រឹក្សាយោបល់ឈ្មោះ «ដៃគូពាណិជ្ជកម្មជាសកល» របស់អាមេរិកនាខែកុម្ភៈឆ្នាំ២០១៩ ឱ្យដឹងថា ប្រសិនជាអាមេរិកយកពន្ធគយ ២៥% ចំពោះផលិតផលចិនទំហំ ២សែន ៥ម៉ឺនលានដុល្លារអាមេរិក ដែលនាំចេញទៅអាមេរិក នោះនឹងបណ្តាលឱ្យអាមេរិកបាត់បង់ឱកាសការងារចំនួន ៩សែន ៣ម៉ឺន ៤ពាន់នាក់ក្នុងមួយឆ្នាំ ប្រាក់ចំណាយរបស់ក្រុមគ្រួសារអាមេរិកមួយ ដែលមានសមាជិក ៤នាក់នឹងកើនឡើង ៧៦៧ដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។
បើសិនជាយកពន្ធ ២៥% ចំពោះផលិតផលចិនទំហំ ៣សែន ២ម៉ឺន ៥ពាន់លានដុល្លារអាមេរិកទៀត នោះនឹងបណ្តាលឱ្យអាមេរិកបាត់បង់ឱកាសការងារ ២លាន ១សែននាក់ក្នុងមួយឆ្នាំ ឯប្រាក់ចំណាយរបស់ក្រុមគ្រួសារអាមេរិកមួយ ដែលមានសមាជិក ៤នាក់នឹងកើនឡើង ២,០០០ដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។

ក្នុងនាមជាភាគីដែលត្រូវបង្ខំចិត្តវាយបកវិញ ក្នុងសង្គ្រាមពាណិជ្ជកម្ម សេដ្ឋកិច្ចចិនប្រាកដនឹងរងកម្លាំងសម្ពាធ ដោយសារការដំឡើងពន្ធគយជាពុំខាន ក៏ប៉ុន្តែសម្ពាធមេញគឺអាចគ្រប់គ្រងបានទាំងស្រុង។ បើមើលតាមរចនាសម្ព័ន្ធសេដ្ឋកិច្ច​យើងឃើញថា អត្រារួមចំណែកនៃការប្រើប្រាស់សម្រាប់កំណើន GDP របស់ប្រទេសចិនមានដល់ទៅ ៧៦,២% ចំណែកកម្រិតពឹងផ្អែកលើការនាំចេញ​បានធ្លាក់មកត្រឹម ១៧,៩%។ តម្រូវការផ្ទៃក្នុងនឹងក្លាយទៅជាកម្លាំងទ្រទ្រង់ដ៏ខ្លាំងក្លា សម្រាប់ប្រទេសចិនទប់ទល់នឹងភាពមិនប្រាកដប្រជាមកពីខាងក្រៅ ។

បើមើលពីស្ថានភាពពាណិជ្ជកម្មវិញ ពីខែមករាដល់ខែមេសា ឆ្នាំ ២០១៩ នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសចិន និងអាមេរិកបានធ្លាក់ចុះចំនួន ១១,២% ដែលក្នុងនោះទំហំនាំចេញរបស់ចិន ទៅសហរដ្ឋអាមេរិកបានធ្លាក់ចុះ ៤,៨% ទំហំនាំចូលពីសហរដ្ឋអាមេរិកធ្លាក់ចុះ ២៦,៨%។ ប្រការនេះបានបង្ហាញឲ្យឃើញថា ផលិតផលរបស់អាមេរិកដែលនាំចូលប្រទេសចិន អាចជំនួសដោយផលិតផលផ្សេងទៀត។
ស្របពេលជាមួយគ្នានេះ គម្លាតរវាងទំហំនាំចេញច្រើនជាងការនាំចូលនៃប្រទេសចិន និងអាមេរិកបានពង្រីកដល់ ១០,៥% ដែលបានបង្ហាញថា ការដំឡើងពន្ធគយមិនអាចដោះស្រាយពីឫសគល់នូវបញ្ហាអតុល្យភាព​ផ្នែកពាណិជ្ជកម្មរវាងប្រទេសចិន និងអាមេរិកបាននោះទេ ថែមទាំងបានបន្ថែមការចំណាយដើមទុនកាន់តែច្រើន ទៅលើអ្នកប្រើប្រាស់របស់អាមេរិកទៀតផង។

ដូច្នេះការដាក់សម្ពាធរបស់អាមេរិកគ្មានអ្វីគួរឲ្យភ័យខ្លាចនោះទេ ផ្ទុយទៅវិញសម្ពាធកាន់តែធំ ភាពធន់របស់ប្រទេសចិនក៏កាន់តែខ្លាំង។ ទាក់ទិននឹងសង្គ្រាមពាណិជ្ជកម្ម ប្រទេសចិនបានបង្ហាញពីអាកប្បកិរិយារបស់ខ្លួន តាំងពីដំបូងមកម្ល៉េះ គឺមិនចង់ធ្វើសង្គ្រាមពាណិជ្ជកម្ម តែក៏មិនខ្លាចក្នុងការធ្វើសង្គ្រាមពាណិជ្ជកម្មដែរ ពោលគឺពេលចាំបាច់ត្រូវធ្វើសង្គ្រាមពាណិជ្ជកម្មដោយខានពុំបាន។
ប្រឈមមុខនឹងវិធីទន់និងរឹងរបស់អាមេរិក ប្រទេសចិនក៏បានឲ្យចម្លើយជាយូរមកហើយដែល ពោលគឺប្រសិនបើចង់ធ្វើការចរចា នឹងបើកទ្វាររហូតតែប្រសិនបើចង់ធ្វើសង្គ្រាមពាណិជ្ជកម្ម នឹងតបតជាមួយអាមេរិកដល់ទីចុងបំផុត។ មិនថាស្ថានការណ៍ក្រៅ​មានការប្រែប្រួលយ៉ាងណាក៏ដោយ និយាយចំពោះប្រទេសចិនភាពសំខាន់ជាងគេ គឺធ្វើកិច្ចការផ្ទៃក្នុងរបស់ខ្លួនឲ្យបានល្អ ធ្វើឲ្យកំណែទម្រង់កាន់តែស៊ីជម្រៅ ពង្រីកការបើកទូលាយ ដើម្បីសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយគុណភាពខ្ពស់។ ជំហានក្រោយរបស់អាមេរិក មិនថា ធ្វើការចរចា ឬធ្វើសង្គ្រាមពាណិជ្ជកម្ម ឬប្រើវិធានការអ្វីផ្សេងទៀតក្តី ក៏ប្រទេសចិនបានធ្វើត្រៀមលក្ខណៈរួច ដើម្បីតទល់នឹងប្រការនេះ៕