(បាងកក)៖ គណបក្សនយោបាយតូចៗចំនួន ១១ ដែលអសនៈម្នាក់មួយៗនៅប្រទេសថៃ បានប្រកាសថា ពួកគេនឹងបោះឆ្នោតគាំទ្រឲ្យប្រមុខរាជរដ្ឋាភិបាលយោធាថៃលោក ប្រាយុទ្ធ ចាន់អូចា ធ្វើជានាយករដ្ឋមន្រ្តីតាមលទ្ធិប្រជាធិបតេយ្យ។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០១៩។

ទន្ទឹមនឹងនេះគណបក្សនយោបាយទាំង ១១ ខាងលើក៏បានបញ្ជាក់ផងដែរថា ពួកគេគាំទ្រឲ្យគណបក្ស ផាឡាំង ប្រាចា រ៉ាត់ (Palang Pracha Rath) ដែលស្និទ្ធនឹងយោធាថៃ និងទទួលបានអសនៈសរុប ១១៥នៅសភាតំណាងរាស្រ្តនោះ ឲ្យដឹកនាំរដ្ឋាភិបាលចម្រុះ ដោយគណបក្សទាំង ១១ នឹងចូលរួមជាមួយ។ ប៉ុន្តែគណបក្ស ផាឡាំង ប្រាចា រ៉ាត់ មានគូប្រជែងធំមួយ គឺបក្សភឿថៃ (Pheu Thai) ដែលមានអតីតនាយករដ្ឋមន្រ្តីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ នៅពីក្រោយ និងទទួលបានអសនៈច្រើនជាងគេរហូតដល់ ១៣៥ នៅក្នុងសភាតំណាងរាស្ត្រ។

គួរជម្រាបថា សភាតំណាងរាស្រ្តថៃដែលមានសមាជិក ៥០០នាក់ និងព្រឹទ្ធសភាថៃ ដែលមានសមាជិក ២៥០នាក់ នឹងរួមគ្នាបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី តាមបែបលទ្ធិប្រជាធិបតេយ្យក្នុងពេលឆាប់ៗខាងមុខ តែសមាជិកទាំង ២៥០នាក់នៅព្រឹទ្ធសភាដែលត្រូវបានជ្រើសរើស ដោយក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ថៃដឹកនាំដោយលោក ប្រាយុទ្ធ ហេតុដូច្នេះពួកគេទាំង ២៥០នាក់​ត្រូវបានអ្នកវិភាគលើកឡើងថា ប្រាកដជាគាំទ្រគណបក្ស ផាឡាំង ប្រាចា រ៉ាត់ របស់លោកប្រាយុទ្ធជាមិនខាន។ ដើម្បីជាប់ជានាយករដ្ឋមន្រ្តី បេក្ខភាពនីមួយៗត្រូវការសំឡេងគាំទ្រ ៣៧៦សំឡេង៕