(ហាណូយ)៖ ក្នុងរយៈពេល ០៤ខែដំបូងនៃឆ្នាំ២០១៩នេះ អត្រានៃការនាំចេញឈើរបស់វៀតណាមបានកើនឡើង ១៧.៨ភាគរយ ធៀបនឹងកំឡុងពេលដូចគ្នានៅឆ្នាំ២០១៨ ខណៈប្រទេសអាស៊ានមួយនេះ រកចំណូលបានដល់ទៅ ៣.១ពាន់លានដុល្លារ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០១៩។

យោងតាមរបាយការណ៍របស់សមាគមផលិតផលឈើ នៃប្រទេសវៀតណាម ក្នុងខែមេសាតែឯងប៉ុណ្ណោះ វៀតណាមទទួលបានចំណូលប្រមាណជា ៨៥០លានដុល្លារ ពីការលក់ឈើ និងផលិតផលធ្វើពីឈើចេញទៅក្រៅប្រទេស ដោយអ្នកទទួលនាំចូលធំៗ ជាងគេគឺរួមមានដូចជា សហរដ្ឋអាមេរិក ជប៉ុន ចិន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប។

គួរជម្រាបថា កាលពីឆ្នាំ២០១៨ វៀតណាមរកចំណូលបានដល់ទៅ ០៩ពាន់លានដុល្លារ ពីការនាំចេញឈើទៅក្រៅប្រទេស ដែលប្រាក់ចំណូលនេះបានកើនឡើង ១៥ភាគរយ បើធៀបជាមួយឆ្នាំ២០១៧។ បច្ចុប្បន្នវៀតណាម មានសហគ្រាសកែច្នៃឈើចំនួន ៤,៧០០កន្លែង ដែលភាគច្រើននៅតំបន់ភាគខាងត្បូងប្រទេស ហើយក្នុងចំណោមនោះ ១,៩០០សហគ្រាស មានជំនាញខាងបង្កើតផលិតផលធ្វើពីឈើ សម្រាប់នាំចេញតែម្តង៕