(កូឡុំបូ)៖ រដ្ឋាភិបាលស្រីលង្កានៅថ្ងៃចន្ទនេះបានឱ្យដឹងថា ខ្លួនបានសម្រេចចិត្តបិទបណ្ដាញទំនាក់ទំនងសង្គម និងកម្មវិធីបញ្ជូនសារមួយចំនួន ក្នុងនោះរួមមានទាំង Facebook និង WhatsApp បន្ទាប់ពីអំពើហិង្សាជាច្រើនបានផ្ទុះឡើងជាបន្តបន្ទាប់។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០១៩។

យោងតាមប្រភពជាច្រើនប្រាប់ Reuters ការបិទបណ្ដាញទំនាក់ទំនងសង្គមខាងលើ ជាបណ្ដោះអាសន្ន ធ្វើឡើងបន្ទាប់ពីមនុស្សជាច្រើននាក់ត្រូវបានគេរាយការណ៍ថា បានគប់ដុំថ្មលើវិហារអ៊ីស្លាម និងផ្សារមួយកន្លែង ដែលជាកម្មសិទ្ធិរបស់ជនម៉ូស្លីមម្នាក់ ខណៈបុរសម្នាក់ក៏ត្រូវបានគេវាយដុំផងដែរនៅក្នុងទីក្រុង ជីឡរ (Chilaw) កាលពីថ្ងៃអាទិត្យ។

ប៉ុន្តែគួរឱ្យកត់សម្គាល់ ជម្លោះខាងលើការឡើងផ្ដើមចេញតាមរយៈបណ្តាញសង្គម Facebook ស្របពេលប្រព័ន្ធផ្សព្វផ្សាយស្រីលង្កា បានរាយការណ៍ពីហេតុការណ៍ដូចគ្នាៗនេះ ជាច្រើនកាលពីយប់ថ្ងៃអាទិត្យ។ ប្រទេសស្រីលង្កាកាលពីសប្តាហ៍មុននេះបានប្រកាស ប្រាប់ពិភពលោកថា ប្រទេសរបស់ខ្លួនមានសុវត្ថិភាពវិញហើយ ក្រោយការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែកជាច្រើនកន្លែងកាលពីខែមេសា ប៉ុន្តែបើតាមការពិតជាក់ស្តែងនោះ អ្វីៗកំពុងស្ថិតនៅក្នុងការរឹតបន្តឹង និងកែសម្រួលស្ថានភាពសន្តិសុខនៅឡើយ៕