(តេហេរ៉ង់)៖ មេបញ្ជាការជាន់ខ្ពស់ម្នាក់នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាននិយាយថាអ៊ីរ៉ង់នឹងបើកការវាយប្រហារ តបតវិញ បើសិនជាសហរដ្ឋអាមេរិកធ្វើសកម្មភាពបង្កគ្រោះថ្នាក់ណាមួយនៅក្នុងតំបន់ឈូងសមុទ្រ Gulf។ នេះបើ តាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sky News នៅថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០១៩។

លោក Hajizadeh ដែលជាមេបញ្ជាការកងទ័ពអាកាសនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ធ្វើការកត់សម្គាល់បែបនេះ ប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ ISNA កាលពីថ្ងៃអាទិត្យ និងចំពេលដែលភាពតានតឹងជាមួយសហរដ្ឋអាមេរិកកាន់តែ ឡើងកម្ដៅ។ លោក Hajizadeh បានគូសបញ្ជាក់នាឱកាសនោះដូច្នេះថា៖ «កាលពីមុន នាវាផ្ទុកយន្ដហោះចម្បាំង មួយគ្រឿងដែលមានយន្ដហោះចម្បាំងពី៤០ ទៅ៥០គ្រឿង ព្រមទាំងផ្ទុកកងទ័ព៦,០០០នាក់ គឺជាការគំរាមកំហែង ធ្ងន់ធ្ងរសម្រាប់ពួកយើង... ប៉ុន្តែបច្ចុប្បន្នការគំរាមកំហែងនេះបានប្រែទៅជាឱកាស... ដូច្នេះបើសិនជាសហរដ្ឋអាមេរិក ធ្វើសកម្មភាពបង្កគ្រោះថ្នាក់ណាមួយនៅក្នុងតំបន់ឈូងសមុទ្រ Gulf នោះយើងនឹងបាញ់បំបែកក្បាលរបស់ ពួកគេ»

គួរបញ្ជាក់ថា បើតាមរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ការបញ្ជូន និងការដាក់ពង្រាយយន្ដហោះ ទម្លាក់គ្រាប់បែក នាវាផ្ទុកយន្ដហោះចម្បាំង រួមទាំងប្រព័ន្ធមីស៊ីលការពារដែនអាកាស ទៅកាន់តំបន់មជ្ឈិមបូព៌ាគឺជា ការឆ្លើយតបទៅនឹងព័ត៌មានសំងាត់ដែលថាអ៊ីរ៉ង់អាចនឹងវាយប្រហារលើកងទ័ពអាមេរិក និងសម្ព័ន្ធមិត្តនៅ ក្នុងតំបន់។ ប៉ុន្តែ លោក Hajizadeh ក៏បានអះអាងដែរថាសកម្មភាពទាំងនេះរបស់ទីក្រុងវ៉ាស៊ីនតោន មិនមែនត្រឹម តែជាការគំរាមកំហែងនោះទេ តែវាជាការកំណត់គោលដៅវាយប្រហារលើអ៊ីរ៉ង់តែម្ដង៕