(វ៉ាស៊ីនតោន)៖ បុរសម្នាក់ឈ្មោះ Gary Gravelle ត្រូវបានចោទប្រកាន់ជាផ្លូវការហើយ បន្ទាប់ពីក្រុមរដ្ឋអាជ្ញា អាមេរិកអះអាងថាលោកបានគំរាមសម្លាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្រមទាំងផ្ញើកញ្ចប់ម្សៅ ពណ៌ស និងសារព្រមានបំផ្ទុះគ្រាប់បែកទៅកាន់មនុស្សជាច្រើននាក់ផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០១៩។

លោក Gary Gravelle មានអាយុ៥១ឆ្នាំ ត្រូវបានចោទប្រកាន់ចំនួន១៦ករណី ក្នុងនោះរួមមានទាំងការគំរាម សម្លាប់លោក ដូណាល់ ត្រាំ កាលពីខែកញ្ញា ឆ្នាំ២០១៨ តាមរយៈការផ្ញើកញ្ចប់ម្សៅពណ៌ស និងសារសរសេរដោយ ដៃមួយថា«អ្នកស្លាប់ទៅ»។ មិនតែប៉ុណ្ណោះ បុរសរូបនេះក៏បានផ្ញើ E-mail និងទូរស័ព្ទទៅកាន់មនុស្សជាច្រើននាក់ ដោយគំរាមបំផ្ទុះគ្រាប់បែកនៅក្នុងរដ្ឋ Vermont, ទីក្រុងវ៉ាស៊ីនតោន និងទីតាំងជាច្រើនកន្លែងក្នុងរដ្ឋ Connecticut ផងដែរ។

គួរបញ្ជាក់ថា បើសិនជាលោក Gary Gravelle ត្រូវបានតុលាការអាមេរិកផ្ដន្ទាទោសទាំង១៦បទចោទ នោះលោកអាចនឹងប្រឈមមុខជាប់ពន្ធនាគាររហូតដល់១៤០ឆ្នាំ។ ប៉ុន្តែភ្លាមៗមិនមានការបញ្ជាក់ណាមួយថា លោកមានមេធាវីការពារក្ដីឬក៏យ៉ាងណានោះទេ៕