(អ៊ីស្រាអែល)៖ រដ្ឋមន្ត្រីថាមពលអ៊ីស្រាអែល លោក Yuval Steinitz បានព្រមាននៅថ្ងៃអាទិត្យនេះថាអ៊ីរ៉ង់អាច នឹងបើកការវាយប្រហារដោយប្រយោល ឬដោយផ្ទាល់លើអ៊ីស្រាអែល បើសិនជាភាពតានតឹងរវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោននៅតែបន្តកើតមាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០១៩។

ថ្លែងប្រាប់ទូរទស្សន៍អ៊ីស្រាអែល លោក Steinitz បានលើកឡើងដូច្នេះថា៖ «បើសិនជាភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ហើយរវាងអ៊ីរ៉ង់ និងប្រទេសជិតខាងរបស់ពួកគេនៅតែបន្តកើតមាន ខ្ញុំយល់ថាពួកគេនឹង អនុញ្ញាតឱ្យក្រុមហេសប៊ូលឡា និងក្រុមជីវពលក្នុងតំបន់ហ្គាហ្សាបើកការវាយប្រហារ ឬក៏អ៊ីរ៉ង់ផ្ទាល់អាចនឹងបាញ់ មីស៊ីលមកលើទឹកដីអ៊ីស្រាអែលតែម្ដង»។ ប៉ុន្តែ ព្រមពេលជាមួយគ្នា រដ្ឋមន្ត្រីថាមពលរូបនេះមិនបានបញ្ជាក់ លម្អិតឡើយថាតើអ៊ីស្រាអែលនឹងចាត់វិធានការដូចម្ដេច បើរឿងបែបនេះកើតឡើងមែន។

គួរបញ្ជាក់ថា បច្ចុប្បន្ន សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងមានភាពតានតឹងនឹងគ្នាកាន់តែខ្លាំង រហូតដល់ក្រុម អ្នកជំនាញខ្លះយល់ថាជម្លោះប្រដាប់អាវុធរវាងប្រទេសទាំង២អាចនឹងផ្ទុះ ឡើយក្រោយទីក្រុងវ៉ាស៊ីនតោន បញ្ជូននាវាផ្ទុកយន្ដហោះចម្បាំង កងកម្លាំងយន្ដហោះទម្លាក់គ្រាប់បែបក និងប្រព័ន្ធមីស៊ីលការពារដែនអាកាស ទៅកាន់តំបន់មជ្ឈិមបូព៌ា៕