(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បានអំពាវនាវឱ្យប្រជាជន និងអ្នកនយោបាយអ៊ីរ៉ង់​ ទំាងអស់រួបរួម ក៏ដូចជាឯកភាពជាតិគ្នាឡើង ស្របពេលកំពុងប្រឈមមុខនឹងសម្ពាធ ព្រមទាំងការដាក់ទណ្ឌកម្ម​មិនធ្លាប់ពីមុនមកពីសំណាក់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០១៩។

ថ្លែងចំពោះមុខអ្នកនយោបាយ និងសកម្មជនអ៊ីរ៉ងកាលពីថ្ងៃសៅរ៍ (ម៉ោងនៅក្នុងតំបន់) លោក រូហានី បានគូសបញ្ជាក់ដូច្នេះថា៖«វាមិនអាចនិយាយបានថាស្ថានភាពសព្វថ្ងៃល្អ ឬអាក្រក់ជាងកាលពីសម័យសង្រ្គាម អ៊ីរ៉ាក់-អ៊ីរ៉ង់ (១៩៨០-១៩៨៨) ឡើយ...ប៉ុន្តែនៅអំឡុងសង្រ្គាមនេះយើងមិនមានបញ្ហាខាងធនាគារ ការនាំចេញ ឬការនាំ​ចូលប្រេងនោះទេ ពោលគឺនៅពេលនោះយើងជាប់តែទណ្ឌកម្មផ្នែកទិញអាវុធប៉ុណ្ណោះ ...ដូច្នេះហើយ យើងគួរតែរួបរួម និងឯកភាពជាតិ ដើម្បីប្រឈមមុខនឹងស្ថានភាពបច្ចុប្បន្ន និងការគំរាមកំហែងពីសត្រូវ របស់យើង»

គួរជម្រាបថា នៅក្នុងសប្ដាហ៍នេះដែរ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជម្រុញឱ្យអ៊ីរ៉ង់បោះបង់ ចោលកម្មវិធីនុយក្លែអ៊ែររបស់ខ្លួន ហើយថាលោកមិនអាចបដិសេធឡើយចំពោះការប្រឈមមុខផ្នែកយោធា​ជាមួយអ៊ីរ៉ង់ ខណៈសហរដ្ឋអាមេរិកកំពុងដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំង យន្ដហោះទម្លាក់គ្រាប់បែក B-52 និងប្រព័ន្ធមីស៊ីលការពារដែនអាកាសទៅកាន់តំបន់មជ្ឈិមបូព៌ាដើម្បីកំញើញអ៊ីរ៉ង់៕