(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានចិនថាបើមិនចង់ជួបស្ថានភាពរឹតតែ អាក្រក់ជាងនេះនៅក្រោយឆ្នាំ២០២០ ទីក្រុងប៉េកាំងគួរតែចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ក្នុងពេលបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០១៩។

ការលើកឡើងបែបនេះរបស់លោក ដូណាល់ ត្រាំ គឺមានបំណងក្រើនរំឮកចិនកុំរំពឹងចង់បានការបន្ធូរបន្ថយ ឬសម្បទានពីប្រធានាធិបតីអាមេរិកថ្មី ព្រោះថាបើសិនជាលោកជាប់ឆ្នោតម្ដងទៀតនៅអណត្តិទី២ខាងមុខ នោះកិច្ចព្រមព្រៀងនឹងស្ថិតនៅក្នុងលក្ខខណ្ឌដ៏អាក្រក់បំផុត។ លោក ត្រាំ បានលើកឡើងនៅលើ Twitter ដូច្នេះថា៖ «ចិនកំពុងគិតថាខ្លួនរងអយុត្តិធម៌នៅក្នុងកិច្ចចរចានាពេលថ្មីៗនេះ...ហើយពួកគេរំពឹងថានឹងទទួលបាន សម្បទាន ឬការបន្ធូរបន្ថយនៅក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២០ ក្នុងករណីដែល បក្សប្រជាធិបតេយ្យឈ្នះឆ្នោត។ ប៉ុន្តែបើសិនជាកិច្ចព្រមព្រៀងពាណិជ្ជកម្មត្រូវធ្វើឡើងនៅក្នុងអណត្តិទី២របស់ ខ្ញុំ នោះស្ថានភាពនឹងរឹតតែអាក្រក់។ ដូច្នេះពួកគេគួរតែចុះកិច្ចព្រមព្រៀងជាមួយនឹងពួកយើងនៅពេលឥលូវនេះ ...បើមិនចង់ជួបការដំឡើងពន្ធ៥០០ពាន់លានដុល្លារក្នុងមួយឆ្នាំ»

គួរជម្រាបថា កាលពីថ្ងៃសុក្រ ការដំឡើងពន្ធ២០០ពាន់លានដុល្លារលើទំនិញនាំចូលពីចិនរបស់សហរដ្ឋអាមេរិក បានចូលជាធរមានហើយ ដោយលោក ដូណាល់ ត្រាំ អះអាងថាការសម្រេចចិត្តដាក់ពិន័យបែបនេះគឺ ដោយសារតែចិនរំលោភលើការប្ដេជ្ញាចិត្តរបស់ខ្លួនឯងនៅក្នុងកិច្ចចរចាពាណិជ្ជកម្ម៕