(ការ៉ាកាស់)៖ មេបក្សប្រឆាំងវេណេស៊ុយអេឡា លោក Juan Guaido បានស្នើឱ្យបេសកជនពិសេសរបស់​លោកប្រចាំសហរដ្ឋអាមេរិក ធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយក្រុមមន្ត្រីមន្ទីរបញ្ចកោណ ដើម្បីស្នើសុំ កិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយវិបត្តិនៅក្នុងប្រទេសវេណេស៊ុយអេឡាបច្ចុប្បន្ន។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០១៩។

លោក Juan Guaido ធ្វើការកត់សម្គាល់ខាងលើនៅអំឡុងពិធីជួបជាមួយអ្នកគាំទ្រក្នុងទីក្រុងការ៉ាកាស់ កាលពីថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់)។ ថ្លែងនាឱកាសនោះ មេបក្សប្រឆាំងរូបនេះបានលើកឡើងដូច្នេះថា៖ «យើង បានណែនាំដល់អគ្គរដ្ឋទូតរបស់យើងគឺលោក Carlos Vecchio ឱ្យជួបពិភាក្សាជាបន្ទាន់...ជាមួយទីបញ្ជាការ កងទ័ពអាមេរិកភាគខាងត្បូង និងមន្ត្រីជាន់ខ្ពស់នៃទីបញ្ជាការមួយនេះសំដៅបង្កើតទំនាក់ទំនងដោយផ្ទាល់... ហើយវាច្បាស់ណាស់ដូចដែលយើងធ្លាប់បាននិយាយពីមុនអីចឹង គឺយើងនឹងប្រើប្រាស់គ្រប់ធនធាន និងមធ្យោបាយដើម្បីបង្កើនការដាក់សម្ពាធលើលោក ម៉ាឌូរ៉ូ»

គួរជម្រាបថា ទីបញ្ជាការកងទ័ពអាមេរិកភាគខាងត្បូង ក៏បានអះអាងដែរថាខ្លួនបានត្រៀមជានិច្ចក្នុងការ ឆ្លើយតបឱ្យលឿនតាមដែលអាចធ្វើទៅបាន បើសិនជាមានការស្នើពីលោក Guaido និងរដ្ឋាភិបាលស្របច្បាប់ វេណេស៊ុយអេឡា៕