(តេហេរ៉ង់)៖ ខណៈដែលស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ា កំពុងតែកើនឡើងកម្តៅ ដោយសារតែសព្វាវុធទំនើបៗរបស់សហរដ្ឋអាមេរិក បានមកដល់ពាសពេញក្នុងតំបន់នោះ ប្រទេសអ៊ីរ៉ង់បានបង្ហើរសារមួយឃ្លាប្រាប់ពិភពលោក ដើម្បីឲ្យគ្រប់គ្នានឹកឃើញដល់ការកុហករបស់ អាមេរិក ដែលបានឈានដល់ការព្រួតគ្នា វាយប្រហារប្រទេសអ៊ីរ៉ាក់ កាលពីឆ្នាំ២០០៣។ នេះបើតាមការចេញផ្សាយដោយ Sputnik នាល្ងាចថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០១៩។

ប្រទេសអ៊ីរ៉ង់នៅថ្ងៃសៅរ៍នេះបានចោទសហរដ្ឋអាមេរិកថា កំពុងបង្កការគំរាមកំហែងយ៉ាង ធ្ងន់ធ្ងរចំពោះសន្តិសុខក្នុងតំបន់ តាមរយៈការដាក់ពង្រាយទ័ព និងសព្វាវុធនៅតំបន់មជ្ឈិមបូព៌ា ហើយអ៊ីរ៉ង់ថែមទាំងបានលើកឡើងទៀតថា ទីក្រុងវ៉ាស៊ីនតោនកំពុងប្រើប្រាស់ ការស៊ើបអង្កេតក្លែងក្លាយ ឬព័ត៌មានសម្ងាត់បែបប្រឌិត ដោយមកចោទលើអ៊ីរ៉ង់ថា បាននិងកំពុងរៀបចំផែនការសម្ងាត់ ធ្វើការវាយប្រហារ តំបន់យុទ្ធសាស្ត្រ ព្រមទាំងសម្ព័ន្ធមិត្តនានារបស់អាមេរិកនៅក្នុងតំបន់។

ជុំវិញបញ្ហាដ៏ក្តៅគគុកខាងលើនេះ លោក ម៉ាជីដ តាក រ៉ាវ៉ានជី (Majid Takht Ravanchi) អគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានប្រាប់សារព័ត៌មានអាមេរិក NBC នៅឯទីស្នាក់ការកណ្តាល UN ក្នុងបុរីញូយ៉កយ៉ាងដូច្នេះថា «អ្វីៗទាំងអស់នេះ គឺសុទ្ធតែជាការចោទប្រកាន់ទាំងអស់ ដោយវាត្រូវបានប្រឌិតឡើងដោយមនុស្សតែមួយ ដែលបានបង្កឲ្យមានការឈ្លានដោយសហរដ្ឋអាមេរិក ទៅលើប្រទេសអ៊ីរ៉ាក់នោះហើយ...»

គួរបញ្ជាក់ថា ការថ្លែងរបស់តំណាងទូតអ៊ីរ៉ង់ប្រចាំនៅ UN ខាងលើនេះ គឺត្រូវបានអ្នកជំនាញ មើលឃើញថា ជាការចង់សំដៅទៅលើទីប្រឹក្សាសន្តិសុខជាតិអាមេរិកបច្ចុប្បន្ន លោក ចន បូលតុន (John Bolton) ដែលក្នុងអំឡុងពេលនៃរៀបចំវាយប្រហាររបស់អាមេរិក ទៅលើប្រទេសអ៊ីរ៉ាក់ក្នុងឆ្នាំ២០០៣នោះ មន្ត្រីជើងចាស់រូបនេះគឺជាអ្នកបម្រើការងារ នៅក្នុងក្រសួងការបរទេសអាមេរិក ហើយកាលណោះព័ត៌មានសម្ងាត់មួយ ដែលអតីតរដ្ឋបាល លោក ចច ដាប់ប៊ែលយូ ប៊ូស បានផ្សព្វផ្សាយប្រាប់ពិភពលោក គឺរបបដឹកនាំលោក សាដដាំ ហ៊ូស្សេន (Saddam Hussein) កំពុងតែលួចលាក់ផលិតអាវុធប្រល័យលោកយ៉ាងច្រើន សន្ធឹកសន្ធាប់៕