(ញូដេលី)៖ យន្តហោះចម្បាំង ០២គ្រឿងរបស់កងទ័ពឥណ្ឌា បានហោះស្ទាក់យន្តហោះដឹកទំនិញធុនធ្ងន់មួយគ្រឿងស៊េរី AN-12 មានប្រភពពីទីក្រុងធីប៊ីលីស៊ី ប្រទេសហ្សកហ្ស៊ី ដែលបានហៅសំដៅមកកាន់ទីក្រុងញូដេលី កាត់តាមទីក្រុងកំពង់ផែការ៉ាជិ (Karachi) ប្រទេសប៉ាគីស្ថាន ហើយក៏បានបង្ខំឲ្យយន្តហោះនោះចុះចតនៅអាកាសយានដ្ឋាន ចៃភើ (Jaipur) ក្នុងរដ្ឋ រ៉ាចាសថាន់ (Rajasthan) ភាគខាងលិចប្រទេសឥណ្ឌា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០១៩។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសុក្រសប្តាហ៍នេះ នៅពេលយន្តហោះដឹកទំនិញ AN-12 បានធ្វើការហោះហើរខុសពីផ្លូវ ដែលត្រូវបានកំណត់ទុក ចូលមកដែនអាកាសភាគខាងលិចនៃប្រទេសឥណ្ឌា ពីទីក្រុង Karachi របស់ប៉ាគីស្ថាន។ ក្រោយការសួរនាំ និងត្រួតពិនិត្យអស់ជាច្រើនម៉ោងរួចមក យន្តហោះហ្សកហ្ស៊ីនោះ ក៏ត្រូវបានឲ្យបន្តធ្វើការហោះហើររបស់ខ្លួន ឆ្ពោះមកកាន់ក្រុងញូដេលី ក្រោយពុំបានរកឃើញអ្វីដែលគួរឲ្យសង្ស័យ ប៉ុន្តែនៅតែមិនមានការបញ្ជាក់ឲ្យដឹងថា ហេតុអ្វីដែលជា AN-12 នេះផ្លាស់ប្តូរផ្លូវហោះហើររបស់វាដដែល។

គួរជម្រាបថា ភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថាន នៅមិនទាន់ស្ងប់ទៅវិញមួយភាគរយឡើយ ចាប់តាំងតែពីមានការវាយប្រហារ អត្តឃាតលើកងកម្លាំងសន្តិសុខឥណ្ឌា ពីសំណាក់ក្រុមភេរវករនៅឯតំបន់ជម្លោះកាស្មៀរ ដែលបណ្តាលឲ្យកងទ័ពឥណ្ឌាជាង ៤០នាក់ស្លាប់ កាលពីពាក់កណ្តាលខែកុម្ភៈមក៕