(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិស្តីទីលោក ផាទ្រីក សាណាហាន (Patrick Shanahan) បានអះអាងថា សហរដ្ឋអាមេរិកកំពុងរៀបចំបញ្ជូនប្រព័ន្ធការពារមីស៊ីល MIM-104 Patriot ទៅដាក់ពង្រាយនៅទីតាំងយុទ្ធសាស្ត្ររបស់ខ្លួន នៅក្នុង​តំបន់មជ្ឈិមបូព៌ា ស្ថិតក្នុងគោលដៅ​បង្កើតកិច្ចការពារសម្ព័ន្ធមិត្តអាមេរិក ពីការវាយប្រហារណាមួយរបស់អ៊ីរ៉ង់។ នេះបើតាម​ការចេញផ្សាយដោយសារព័ត៌មាន Sputnik នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០១៩។

សេចក្តីថ្លែងការណ៍ពីក្រសួងការពារជាតិអាមេរិក បានបញ្ជាក់នៅថ្ងៃសុក្រសប្តាហ៍នេះថា «លោករដ្ឋមន្ត្រីការពារជាតិស្តីទី Patrick Shanahan បានសម្រេចបញ្ជូនប្រព័ន្ធការពារ​គ្រាប់មីស៊ីល USS Arlington Patriot ទៅកាន់ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) ដើម្បីចូលរួមជាមួយកងនាវាដឹកយន្តហោះចម្បាំង និងក្បួនយន្តហោះទម្លាក់គ្រាប់បែក B-52 ក្នុងប្រតិបត្តិការទប់ទល់ការបង្កហេតុដោយអ៊ីរ៉ង់...»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកក៏ទើបតែសម្រេចលក់ ប្រព័ន្ធការពារមីស៊ីលប្រភេទខាងលើនេះ ឲ្យទៅប្រទេសអេមីរ៉ាត់អារ៉ាប់រួម និងបារ៉ែនផងដែរ ជាមួយនឹងកិច្ចព្រមព្រៀងសរុបតម្លៃ ៦ពាន់លានដុល្លារ ហើយការបញ្ជូនវាមកកាន់តំបន់មជ្ឈិមបូព៌ាពេលនេះ គឺជាការបង្ហាញ​អំពីសមត្ថភាព និងដើម្បីកំញើញប្រទេសអ៊ីរ៉ង់ ដែលថ្មីៗនេះសហរដ្ឋអាមេរិកបានរកឃើញថា ទីក្រុងតេហេរ៉ង់កំពុងត្រៀមអនុវត្តន៍ផែនការសម្ងាត់ ដោយធ្វើការវាយប្រហារមកលើ​តំបន់យុទ្ធសាស្ត្ររបស់អាមេរិក និងសម្ព័ន្ធមិត្តអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា៕