(វ៉ាស៊ីនតោន)៖ ការបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីរបស់កូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ តាមពិតទៅគឺបានកើតមានឡើងចំថ្ងៃតែមួយ ដែលសហរដ្ឋអាមេរិកបានធ្វើការបាញ់តេស្ត មីស៊ីលផ្លោងឆ្លងទ្វីប (ICBM) របស់ខ្លួនផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០១៩។

ក្រោយយប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ពេលវេលានៅសហរដ្ឋអាមេរិក យោធាអាមេរិកបានបាញ់មីស៊ីលផ្លោង មីនុតមែន ៣ (Minuteman III) ជា ប្រភេទមីស៊ីលផ្លោងឆ្លងទ្វីប ICBM ចេញពីមូលដ្ឋានទ័ពអាកាស វ៉ាន់ឌិនប៊ឺក (Vandenberg) ក្នុងរដ្ឋកាលីហ្វរញ៉ា ឆ្ពោះទៅកាន់គោលដៅមួយនៅចម្ងាយប្រមាណ ៦,៨០០គីឡូម៉ែត្រ លើមហាសមុទ្រប៉ាស៊ីហ្វិក។

គាប់ជួនគ្នាក្នុងថ្ងៃតែមួយនេះនៅរយៈពេលតែ ១១នាទីមុនការធ្វើតេស្តមីស៊ីលរបស់អាមេរិក កូរ៉េខាងជើងបានធ្វើតេស្តមីស៊ីលផ្លោង ដែលអាចហោះបានចម្ងាយខ្លីមួយគ្រាប់ ក្នុងកំឡុងការធ្វើតេស្តសព្វាវុធរបស់ខ្លួនហើយនៅពេល ០៩នាទីក្រោយការបាញ់មីស៊ីល របស់ទីក្រុងវ៉ាស៊ីនតោន ទីក្រុងព្យុងយ៉ាងក៏បានបាញ់មួយគ្រាប់ទៀត។

ការធ្វើតេស្តមីស៊ីលកាលពីថ្ងៃព្រហស្បតិ៍ ជាការធ្វើតេស្តមីស៊ីលជាលើកទីពីរហើយ នៅក្នុងខែឧសភានេះរបស់កូរ៉េខាងជើង បន្ទាប់ពីការបាញ់រ៉ុក្កែតជាច្រើនគ្រាប់ ដែលក្នុងនោះអាចមានមីស៊ីលផ្លោងចម្ងាយខ្លី យ៉ាងតិចក៏មួយគ្រាប់ដែរ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ក្រុមអ្នកវិភាគបានមើលឃើញថា កូរ៉េខាងជើង កំពុងព្យាយាម ទាក់ទាញសហរដ្ឋអាមេរិក ឲ្យប្រញាប់រួសរាន់ចូលមកអង្គុយតុចរចាឡើងវិញ ក្រោយពី ជំនួបកំពូលលើកទីពីរ ត្រាំ-គីម នៅវៀតណាមបានទទួលបរាជ័យ។

គួរជម្រាបថា សម្រាប់ការធ្វើតេស្តមីស៊ីល ICBM របស់អាមេរិកវិញ ដែលត្រូវបានគេគ្រោងទុកជាមុនតាំងតែពីយូរមកហើយ គឺធ្វើឡើងក្រោម គោលបំណងផ្ទៀងផ្ទាត់សមត្ថភាព នៃការកំណត់គោលដៅវាយប្រហារ និងប្រព័ន្ធហោះហើររបស់មីស៊ីលផ្លោងនេះ ថាតើវាស្ថិតនៅសភាល្អដូចដើមដែរ ឬយ៉ាងណា។ មីស៊ីលផ្លោងឆ្លងទ្វីប Minuteman III បានក្លាយជាអាវុធនុយក្លេអ៊ែរស្នូលរបស់ សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ១៩៧០មក ហើយបច្ចុប្បន្នអាមេរិកអាចមានមីស៊ីលនេះប្រហែល ៤៤០គ្រាប់នៅក្នុងឃ្លាំងរបស់ខ្លួន៕