(វ៉ាស៊ីនតោន)៖ ស្ថាបនិកក្រុមហ៊ុនលក់ទំនិញអនឡាញ Amazon និងក្រុមហ៊ុនអវកាស Blue Origin គឺកំពូលមហាសេដ្ឋីមានទ្រព្យ សម្បត្តិច្រើនជាងគេ លោក Jeff Bezos បានបញ្ចេញនូវយាន Lander គំរូមួយហៅថា Blue Moon សម្រាប់បេសកកម្មឆ្ពោះទៅកាន់ ឋានព្រះច័ន្ទ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩។

ថ្លែងក្នុងកម្មវិធីមួយនៅឯរដ្ឋធានីវ៉ាស៊ីនតោននាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក Bezos បានប្រកាសដូច្នេះថា «នេះគឺជាយាន Blue Moon ដែលពួកយើងបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ឡើងអស់រយៈពេល០៣ឆ្នាំ ដោយវាគឺជាយាន Lander ធំមួយ ដែលនឹង អាចដឹកជញ្ជូនទំនិញក៏ដូចជាអវកាសយានិកឡើងទៅកាន់ឋានព្រះច័ន្ទបាន នៅប៉ុន្មានឆ្នាំខាងមុខ»។ បើតាមលោក Bezos យាន Blue Moon នឹងប្រើប្រាស់សារធាតុអ៊ីដ្រូសែនរាវ ធ្វើជាឥន្ធនៈរបស់វា ដែលប្រការនេះអនុញ្ញាតឲ្យ Blue Moon អាចបញ្ជូល ឥន្ធនៈ នៅលើផ្ទៃរបស់ព្រះច័ន្ទផ្ទាល់ តាមរយៈសារធាតុអ៊ីដ្រូសែនរាវ ដែលបានមកពីប្រភពទឹកនៅឋានព្រះច័ន្ទ។

គួរជម្រាបថា យាន Blue Moon នឹងអាចចុះទៅជាន់លើផ្ទៃភពអង្គារ នៅឆ្នាំ២០២៤ ដោយស្របទៅតាមគោលដៅ ដែលរដ្ឋបាល ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានកំណត់ឲ្យទីភ្នាក់ងារអវកាស NASA សម្រេចឲ្យបាន៕