(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo នឹងធ្វើដំណើរទៅទស្សនកិច្ចរយៈពេល០៣ថ្ងៃ នៅប្រទេសរុស្ស៊ី នាសប្តាហ៍ក្រោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិក លោក Pompeo នឹងចាប់ផ្តើមបំពេញទស្សនកិច្ចនៅរុស្ស៊ីពីថ្ងៃទី១២ ដល់ទី១៤ ខែឧសភានេះ ដោយលោកនឹងត្រូវជួបពិភាក្សាការងារជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ព្រមទាំងរដ្ឋមន្រ្តី ការបរទេសរុស្ស៊ី លោក Sergei Lavrov អំពីបញ្ហារវាងប្រទេសទាំងពីរក៏ដូចជាបញ្ហាអន្តរជាតិក៏ក្តៅគគុកជាច្រើន។ វាក៏នឹងជាជំនួប ជាន់ខ្ពស់បែបផ្លូវការលើកដំបូងផងដែរ រវាងមហាអំណាចទាំងពីរ ក្នុងអំឡុងពេលជិត០១ឆ្នាំកន្លងមកនេះ។

គួរជម្រាបថា ទោះបីតាំងតែពីឡើងកាន់អំណាចដំបូងមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្យាយាមចង់ផ្សាភ្ជាប់ ទំនាក់ទំនងឲ្យជិតស្និទ្ធជាមួយប្រទេសរុស្ស៊ីក៏ដោយក្តី ដំណើរទស្សនកិច្ចនាសប្តាហ៍ក្រោយនេះរបស់លោក Pompeo កើតមានចំ ពេលដែលទីក្រុងវ៉ាស៊ីនតោននិងទីក្រុងម៉ូស្គូ បាននិងកំពុងមានបញ្ហាជាមួយគ្នាជុំវិញបញ្ហាជាច្រើន រួមទាំងស៊ីរី រឿងអាស្រូវរុស្ស៊ី លូក ដៃដំណើរការបោះឆ្នោតអាមេរិកឆ្នាំ២០១៦ និងវេណេស៊ុយអេឡាជាដើម៕