(ញូដេលី)៖ កងទ័ពជើងទឹកឥណ្ឌាបានចូលរួមជាមួយ សហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីន ដើម្បីបិទបញ្ចប់ការធ្វើសមយុទ្ធយោធាជើងទឹកមិនធ្លាប់មានពីមុនមក រវាងប្រទេសទាំងបួននេះនៅឯតំបន់សមុទ្រចិនខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩។

ការចូលរួមរបស់កងទ័ពជើងទឹកឥណ្ឌា នៅក្នុងសមយុទ្ធយោធាខាងលើ គឺជាផ្នែកមួយនៃការប្ដេជ្ញាចិត្តធ្វើប្រតិបត្តិការនានា ដើម្បីធានាការពារបរិយាកាស នៃសុវត្ថិភាពដែនសមុទ្រ តាមរយៈការពង្រឹងអន្តរប្រតិបត្តិការ។ ការធ្វើសមយុទ្ធយោធាជើងទឹករួមគ្នានេះ មានការចូលរួមពី នាវាផ្ទុកយន្ដហោះចម្បាំងជប៉ុនមួយគ្រឿង នាវាពិឃាតអាមេរិកមួយគ្រឿង នាវាចម្បាំងឥណ្ឌា ០២គ្រឿងគឺ INS កុលកាតា (INS Kolkata) និង INS សាកទី (INS Shakti) រួមទាំងនាវាល្បាតហ្វីលីពីនមួយគ្រឿង។

គួរជម្រាបថា សមយុទ្ធយោធាខាងលើបានធ្វើឱ្យចិនខឹងសម្បារយ៉ាងខ្លាំង ដោយព្រមានថា បណ្ដាប្រទេសទាំងអស់មិនគួរធ្វើសកម្មភាពទាំងឡាយណា ដែលបំផ្លាញដល់សន្តិភាព និងស្ថេរភាពនៅក្នុងតំបន់នោះទេ៕