(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងរិះគន់ធ្ងន់ៗលើ អតីតនាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBI គឺលោក ចេមស៍ ខូម៉េយ (James Comey) ដោយសារតែលោក Comey បានលើកឡើងថា លោក ត្រាំ ប្រហែលបានបង្កភាពរាំងស្ទះ ដល់ដំណើរការស្វែងរកយុត្តិធម៌ ក្នុងកំឡុងការស៊ើបអង្កេតជុំវិញរឿងរុស្ស៊ី លូកដៃចូលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ ដែលបានបិទបញ្ចប់ ទៅក្រោយរយៈពេល ០២ឆ្នាំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ បានបង្ហោះសារថ្មីមួយលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា «លោក James Comey គឺជាភាពអាម៉ាស់មួយ ចំពោះទីភ្នាក់ងារស៊ើបអង្កេត FBI ហើយនឹងជាប់ឈ្មោះជានាយក FBI ដែលអាក្រក់ជាងគេបង្អស់ក្នុងប្រវត្តិសាស្រ្ត ដោយលោកបានធ្វើ ឲ្យខូចកិត្តិយសរបស់ស្ថាប័នស៊ើបអង្កេតនេះ ប៉ុន្តែក្រោយអស់ពីលោកទៅ FBI នឹងវិលទៅរកភាពអស្ចារ្យដូចដើមឡើងវិញ»

គួរជម្រាបថា លោក James Comey ត្រូវបានលោក ត្រាំ បណ្តេញចេញពីតួនាទីជានាយក FBI កាលពីខែឧសភា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការស៊ើបអង្កេតរឿងអាស្រូវអ៊ីម៉ែល របស់លោកស្រី ហ៊ីលឡារី គ្លីនតុន កាលពីឆ្នាំ២០១៦ តែបើតាមការគិតរបស់លោកផ្ទាល់ គឺអាចទាក់ទងការដែលលោកដឹកនាំដំណើរការស៊ើបអង្កេត រឿងរុស្ស៊ីលូកដៃការបោះឆ្នោតរបស់អាមេរិក អំឡុងពេលលោកនៅជានាយក FBI។ ក្រោយលោកធ្លាក់ពីតំណែង រដ្ឋអាជ្ញាពិសេសក៏ត្រូវបានតែងតាំង គឺលោក រ៉ូប៊ឺត មូល្លឺ (Robert Mueller) ដើម្បីបន្តដឹកនាំការស៊ើបអង្កេតនេះ៕