(វ៉ាស៊ីនតោន)៖ ចាប់តាំងពីលោក ចេមស៍ ម៉ាត់ទីស (James Mattis) ត្រូវបាន ទម្លាក់ចេញ ពីតំណែងនោះ លោក ផាទ្រីក សាណាហាន (Patrick M. Shanahan) ត្រូវបានបង្គាប់ ឲ្យឡើងធ្វើជារដ្ឋមន្ត្រីការពារស្តីទី ដើម្បីកាន់ការងារដ៏សំខាន់បំផុតនេះជាបណ្តោះអាសន្ន ប៉ុន្តែពេលនេះលោក ដូណាល់ ត្រាំ កំពុងត្រៀមរៀបចំតែងតាំងលោក ធ្វើជារដ្ឋមន្ត្រីការពារជាតិពេញសិទ្ធិតែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាព្រឹកថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩។

កាលពីពេលថ្មីៗកន្លងទៅនេះ សារព័ត៌មានអាមេរិក Bloomberg ក៏បានធ្វើការចុះផ្សាយ ផងដែរថា បុគ្គលសំខាន់ពីររូបបានបង្ហាញការគាំទ្រ ចំពោះគំនិតរបស់លោក ដូណាល់ ត្រាំ ក្នុងការតែងតាំងលោក Patrick Shanahan អតីតសហនាយកប្រតិបត្តិ ក្រុមហ៊ុនផលិតយន្តហោះ Boeing ឲ្យឡើងធ្វើជារដ្ឋមន្ត្រីការពារជាតិពេញសិទ្ធិ ខណៈដែលលោកទើបឡើងកាន់តំណែងនេះ បណ្តោះអាសន្នក្នុងរយៈពេលខ្លីប៉ុណ្ណោះ។

បន្ថែមពីខាងលើនេះ អ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ាហ៍ សេនដឺស (Sarah Sanders) ក៏បានឆ្លើយតបដោយវិជ្ជមាន ទៅកាន់អ្នកសារព័ត៌មាននានាអំពីចេតនាលោក ដូណាល់ ត្រាំ ក្នុងការតែងតាំងលោក Shanahan ផងដែរ។ បើតាមសារព័ត៌មានខាងលើ លោក ដូណាល់ ត្រាំ បានចាត់ទុកលោក Shanahan ជាមនុស្សពូកែមួយរូបដែលបាន បំពេញការងារបានយ៉ាងល្អប្រសើរបំផុត តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដូច្នេះហើយលោកសាកសមនឹងឡើងកាន់តំណែងនេះដោយពេញសិទ្ធិ។

គួរបញ្ជាក់ថា ស្នាដៃចុងក្រោយដែលលោក Patrick Shanahan បានធ្វើឲ្យលោក ត្រាំ ពេញចិត្តនោះ គឺទំនងជាការបញ្ជូនយន្តហោះចម្បាំង នាវាដឹកយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកទៅកាន់តំបន់មជ្ឈិមបូព៌ា ក្រោយពីខ្លួនទទួលបានរបាយការណ៍ សម្ងាត់មកថា ប្រទេសអ៊ីរ៉ង់មានផែនការវាយប្រហារ មកលើសម្ព័ន្ធមិត្តអាមេរិកនៅក្នុងតំបន់។ ទោះបីជាបែបនេះក្តីលោក Patrick Shanahan ក៏ត្រូវការការគាំទ្រពីព្រឹទ្ធសភាផងដែរ ទើបអាចឡើងកាន់តំណែងរដ្ឋមន្ត្រីការពារជាតិអាមេរិកជាផ្លូវការបាន បន្ទាប់ពីលោក ដូណាល់ ត្រាំ បញ្ជូនឈ្មោះលោកទៅស្នើសុំការយល់ព្រម៕