(វ៉ាស៊ីនតោន)៖ សេតវិមានបានឱ្យដឹងថា រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងដំឡើងពន្ធលើផលិតផលនាំចូលពីចិនឱ្យដល់ ៣២៥ពាន់លានដុល្លារ ប៉ុន្តែភាគីអាមេរិកនៅតែអះអាងដដែលថា កិច្ចចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹង ចាប់ផ្ដើមឡើងវិញនៅថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Fox News នៅព្រឹកថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលត្រូវបានផ្សព្វផ្សាយដោយអ្នកនាំពាក្យរងសេតវិមាន លោក ហ្សាដ ឌារ៉េ (Judd Deere) បានបញ្ជាក់បន្ថែមទៀតថា តំណាងពាណិជ្ជកម្មអាមេរិក លោក ឡៃធីស៊ឺ (Lightizer) និងរដ្ឋមន្ត្រីរតនាគារជាតិលោក ម៉ានូជីន (Mnuchin) បានជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ ស្ដីពីកិច្ចចរចាពាណិជ្ជកម្មជាមួយចិន ដែលនឹងត្រូវបន្តធ្វើឡើងនៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) នៅឯការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក USTR។

គួរបញ្ជាក់ថា ការសម្រេចចិត្តថានឹងដំឡើងពន្ធ «៣២៥ពាន់លានដុល្លារ» លើផលិតចិនកើតមានឡើងបន្ទាប់ពីកិច្ចចរចា រវាងក្រុមមន្ត្រីអាមេរិក និងចិន បរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ម្យ៉ាងវិញទៀត ការដំឡើងពន្ធទាំងនេះក្នុងនោះរួមមានទាំងពន្ធ ២០០ពានលានដុល្លារលើការនាំចូលផលិតផលពីចិន ដែលគ្រោងនឹងដំឡើងពី ១០ ដល់ ២៥ភាគរយនៅម៉ោង ១២៖០១នាទីឈានចូលថ្ងៃសុក្រ (ម៉ោងនៅអាមេរិក)៕