(សេអ៊ូល)៖ រំលងផុតទៅមិនបានប៉ុន្មានថ្ងៃផង កូរ៉េខាងជើងជាថ្មីម្តងទៀតបានបាញ់នូវអាវុធ ដែលយោធាកូរ៉េខាងត្បូងសង្ស័យថា ជាមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន០២គ្រាប់ នាថ្ងៃព្រហស្បតិ៍នេះ ខណៈប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន បានលើកឡើងថា ទង្វើនេះទំនងជាជាប់ពាក់ព័ន្ធទៅនឹងកិច្ចចរចាបញ្ហានុយក្លេអ៊ែររវាងកូរ៉េខាងជើងនិងសហរដ្ឋអាមេរិក ដែលកំពុងតែជាប់គាំង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០១៩។

បើតាមយោធាកូរ៉េខាងត្បូង មីស៊ីលសរុបចំនួន០២គ្រាប់ ក្នុងនោះមួយគ្រាប់ត្រូវបានគេបាញ់នៅម៉ោង០៤៖២៩នាទីល្ងាច ដែលអាច មានរយៈចម្ងាយ៤២០គីឡូម៉ែត្រ និងមួយគ្រាប់ទៀត ត្រូវបានបាញ់នៅ២០នាទីក្រោយ ដែលអាចមានរយៈចម្ងាយ២៧០គីឡូម៉ែត្រ ដោយមីស៊ីលទាំងពីរបានហោះក្នុងរយៈកម្ពស់ប្រហែល៥០គីឡូម៉ែត្រ និងឆ្ពោះទៅភាគខាងកើត ហើយធ្លាក់ចូលក្នុងសមុទ្រខាង កើត (សមុទ្រជប៉ុន)។ ក្នុងចំណោមមីស៊ីលទាំង០២ មួយបានបាញ់ចេញពីតំបន់ Sino-ri និងមួយទៀតពី Kusong ដែលស្ថិតនៅឯ ខេត្ត Pyongan ខាងជើង ភាគពាយ័ព្យកូរ៉េខាងជើងដូចគ្នា។

ថ្លែងពាក់ព័ន្ធស្ថានការណ៍ខាងលើ លោក មូន ចេអ៊ីន បាននិយាយថា កូរ៉េខាងជើងប្រហែលជាបានបាញ់មីស៊ីលទាំងនេះ ព្រោះ តែ ការមិនពេញចិត្តចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងទីក្រុងព្យុងយ៉ាងនិងទីក្រុងវ៉ាស៊ីនតោន ដែលបានប្រព្រឹត្តទៅនៅក្រុងហាណូយ របស់វៀតណាម កាលពីចុងខែកុម្ភៈ ដោយពុំសម្រេចបាននូវកិច្ចព្រមព្រៀងអ្វីទាំងអស់។ និយាយរួម វាអាចជាចេតនារបស់កូរ៉េខាងជើង ដើម្បីដាក់សម្ពាធក៏ដូចជារុញច្រានកិច្ចចរចានុយក្លេអ៊ែរនេះឲ្យឆ្ពោះទៅរកទិសដៅដែលពួកគេចង់បាន និងដើម្បីជំរុញ ឲ្យមានការចរចាគ្នាឡើងវិញជាថ្មីក្នុងពេលឆាប់ៗ។

គួរជម្រាបថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន កូរ៉េខាងជើងទើបតែបានបាញ់ធ្វើតេស្តប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត និងអាវុធយុទ្ធសាស្រ្តជាច្រើនផ្សេងទៀត ដែលទីក្រុងព្យុងយ៉ាងបានចេញមុខនិយាយការពារថា គឺគ្រាន់ជាការហាត់សមការពារខ្លួនជាទូទៅតែប៉ុណ្ណោះ។ យ៉ាងណាមិញ បើតាមយោធាកូរ៉េខាងត្បូង មីស៊ីលផ្លោងរយៈចម្ងាយខ្លីយ៉ាងតិចក៏មួយគ្រាប់ដែរ ត្រូវបានបាញ់នាពេលនោះ៕