(ឡុងដ៍)៖ អ្នកនាំពាក្យអង្គការថាមពលអាតូមិចអ៊ីរ៉ង់ លោក បេហ៍រួស ខាម៉ាល់វ៉ាន់ឌី (Behrouz Kamalvandi) នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា អ៊ីរ៉ង់ចង់ឱ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ខ្លួន ជាមួយបណ្ដាប្រទេសមហាអំណាចលោកខាងលិច

ត្រឡប់ទៅរកសភាធម្មតាដូចដើមវិញ បន្ទាប់ពីសហរដ្ឋអាមេរិកសម្រេច ដកខ្លួនចេញពីកិច្ចព្រមព្រៀងមួយនេះដោយឯកតោភាគី។ នេះបើតាមការចេញផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០១៩។

លោក Kamalvandi ធ្វើការកត់សម្គាល់ខាងលើតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងតេហេរ៉ង់កាលពីថ្ងៃពុធម្សិលមិញ ប្រកាសផ្អាកការអនុវត្តមួយចំនួន ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់​ឆ្នាំ២០១៥ ដើម្បីចាប់ផ្ដើម ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញ។ លោក Kamalvandi បានថ្លែងបា្រប់សារព័ត៌មាន​នៅក្នុងស្រុកយ៉ាងខ្លីដូច្នេះថា «គោលបំណងរបស់អ៊ីរ៉ង់ គឺពង្រឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ហើយចង់វាត្រឡប់ទៅរកសភាពធម្មតាដូចដើមវិញ»។

កិច្ចព្រមព្រៀងនុយក្លេអ៊ែររ៉ង់ឆ្នាំ២០១៥ ត្រូវបានបង្កើតឡើងដោយអ៊ីរ៉ង់ អង់គ្លេស សហរដ្ឋអាមេរិក អាល្លឺម៉ង់ រុស្ស៊ី បារាំង និងចិន។ ប៉ុន្តែប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដកទីក្រុងវ៉ាស៊ីនតោនចេញពីកិច្ចព្រមព្រៀងនេះ កាលពីខែឧសភា ឆ្នាំ២០១៨ ដោយចោទថា អ៊ីរ៉ង់មិនបានគោរពតាមកិច្ចព្រមព្រៀងនេះ។ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ​ពេញលេញឆ្នាំ២០១៥ បានតម្រូវឲ្យអ៊ីរ៉ង់ផ្អាកកម្មវិធីនុយក្លេអ៊ែរទាំងអស់ ជាថ្នូរនឹងការដក​ទណ្ឌកម្មសេដ្ឋកិច្ច។

ប៉ុន្តែក្រោយមកពេលរដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចដកខ្លួន​ចេញពីកិច្ចព្រមព្រៀង​នេះវិញដោយសំអាងថា វាបានធ្វើឲ្យសហរដ្ឋអាមេរិកអាប់ឱន ឬខាតបង់ធ្ងន់ធ្ងរ ហើយ​រដ្ឋបាលរបស់លោក ថែមទាំងបានចោទប្រកាន់ទៀតថា អ៊ីរ៉ង់មិនបានគោរពតាម​កិច្ចព្រមព្រៀម​ដែលត្រូវបានចុះហត្ថលេខា ជាមួយ​អតីតរដ្ឋបាល​លោក បារ៉ាក់ អូបាម៉ា កាលពីឆ្នាំ២០១៥នោះឡើយ ដោយរដ្ឋអ៊ីស្លាមមួយនេះនៅតែលួចលាក់​មានសកម្មភាពពាក់ព័ន្ធនុយក្លេអ៊ែរដដែល។

គួរបញ្ជាក់ថា ការលើកឡើងរបស់មន្ត្រីនុយក្លេអ៊ែរអ៊ីរ៉ង់ខាងលើនេះ គឺហាក់មិនទាន់មានភាព​ច្បាស់លាស់នៅឡើយទេថា តើអ៊ីរ៉ង់ចង់បន្ទន់ឥរិយាបថចំពោះមុខទណ្ឌកម្មសេដ្ឋកិច្ច និងការគំរាមកំហែងផ្នែកយោធាពីអាមេរិក ឬមួយក៏អ៊ីរ៉ង់ ពិតជាចង់ឲ្យអ្វីៗវិញត្រឡប់ទៅដូចដើម ដូចកាលពីទើបចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ​រវាងមហាអំណាចទាំង ៥ បូកអាល្លឺម៉ង់ ជាមួយនិងរដ្ឋាភិបាលទីក្រុងតេហេរ៉ង់នោះ៕