(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចោទប្រទេសចិនថា ជាអ្នកធ្វើឲ្យខូចកិច្ចចរចាដោះស្រាយជម្លោះពាណិជ្ជកម្ម រវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ ដែលគិតចាប់តាំងពីកិច្ចព្រមព្រៀងផ្អាកសង្គ្រាមដំឡើងពន្ធ នៅប្រទេសអាហ្សង់ទីន​កាលពីចុងឆ្នាំ២០១៨ រហូតមកទល់នឹងពេលនេះ ពុំមានលទ្ធផលគួរឲ្យរីករាយណាមួយ បានកើតមានឡើងនោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០១៩។

លោក ត្រាំ បានធ្វើការលើកឡើងបែបនេះ បន្ទាប់ពីទីក្រុងប៉េកាំងបានព្រមាន ចេញចំណាត់ការសងសឹកវិញ ប្រសិនបើសហរដ្ឋអាមេរិកសម្រេចដំឡើងពន្ធនាំចូល លើផលិតផលចិន ព្រោះកាលពីថ្ងៃសុក្រសប្តាហ៍មុន លោក ត្រាំ ផ្ទាល់ជាអ្នកដែលបានចាប់ផ្តើមមុន ក្នុងការប្រើពាក្យសម្តីគំរាមជាថ្មីម្តងទៀតថា នឹងដំឡើងពន្ធទ្វេដងលើមុខទំនិញរបស់ចិន សរុបជាទំហំទឹកប្រាក់ប្រមាណ ២០០ពាន់លានដុល្លារ។

លោក ដូណាល់ ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «ពួកគេបានបំផ្លាញកិច្ចចរចា... ពួកគេមិនអាចធ្វើវាបាន... ដូច្នេះពួកគេត្រូវតែតបស្នង...»។ ប្រការនេះមានន័យថា លោក ត្រាំ បានទម្លាក់កំហុសទាំងស្រុងទៅលើប្រទេសចិន ខណៈដែលកិច្ចចរចានៅមុននេះ ត្រូវបានឡោមព័ទ្ធដោយការគំរាមដំឡើងពន្ធបន្ថែម ពីសហរដ្ឋអាមេរិកទៅហើយនោះ។

គួរជម្រាបថា ទោះជាបែបនេះក្តី ភាគីទាំងពីរនៅតែត្រូវជួបពិភាក្សាបន្តទៀត ជុំវិញបញ្ហាពាណិជ្ជកម្ម នៅឯសហរដ្ឋអាមេរិក នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក)។ តំណាងពាណិជ្ជកម្ម និងជាមន្ត្រីទទួលបន្ទុកកិច្ចចរចាពាណិជ្ជកម្ម​របស់អាមេរិកទៅកាន់ប្រទេសចិន លោក រ៉ូប៊ឺត ឡៃធីហ្សឺ (Robert Lighthizer) បានបញ្ជាក់ថា កិច្ចចរចាជាមួយទីក្រុងប៉េកាំងនៅតែអាចទៅរួចជានិច្ច៕