(ប៉េកាំង)៖ ក្រុមអ្នកវិទ្យាសាស្រ្តចិន បានរកឃើញ គ្រោងហ្វូស៊ីលនៃពូជសត្វដាយណូស័រចម្លែកមួយ ដែលមានស្លាបស្រដៀងទៅនឹងសត្វប្រជៀវ ប៉ុន្តែវាមិនអាចហោះបាននោះទេ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០១៩។

គ្រោងហ្វូស៊ីលនៅល្អមួយត្រូវបានគេរកឃើញក្នុងខេត្ត លាវនីង (Liaoning) ភាគឦសានប្រទេសចិន ហើយវាមានអាយុកាល ១៦៣លានឆ្នាំ ។ ហ្វូស៊ីលនោះគឺជារបស់អម្បូរថ្មីមួយ នៃប្រភេទសត្វដាយណូស័រ ធេរ៉ូផដ (Theropod) ដែលមិនអាចហោះបាន តែមានរោម និងស្លាប។ វាត្រូវបានអ្នកស្រាវជ្រាវដាក់ឈ្មោះឲ្យថា អាមបុពទែរីច ឡងហ្គីប្រាស្យូម (Ambopteryx longibrachium) ដែលជាការរួមន័យបញ្ចូលគ្នារវាងសត្វដាយណូស័រធម្មតា និង ពពួកដាយណូស័រដែលចេះហោះ ភីទែរ៉ូស័រ (Pterosaur)។

គួរជម្រាបថា សត្វដាយណូស័រខាងលើនេះមានបណ្តាប្រវែងតែ ៣២សង់ទីម៉ែត្រ និងទម្ងន់ ៣០៦ក្រាមប៉ុណ្ណោះ ខណៈក្រុមអ្នកវិទ្យាសាស្ត្រចិនកំពុងព្យាយាមសិក្សាបន្ថែមទៀត អំពីទីជម្រក អាហារ និងការបំលាស់ទីរបស់ពួកវា។ ពពួកសត្វគ្រប់ប្រភេទនៅលើភពផែនដី ជាង ៩០% ត្រូវបានផុតពូជកាលពីជាង ៦៥លានឆ្នាំមុន ក្រោយភពផែនដីរងគ្រោះដោយ អាចម៍ផ្កាយ ដែលមានមុខកាត់ជាង ១០គីឡូម៉ែត្រដែលបានបុកចំឈូងសមុទ្រ ប្រទេសម៉ិចស៊ីកូ និងធ្វើបរិយាកាសផែនដីប្រែប្រួលយ៉ាងអាក្រក់បំផុត៕