(វ៉ាស៊ីនតោន)៖ ទីបំផុតក្រុមយន្តហោះទម្លាក់គ្រាប់បែក-នុយក្លេអ៊ែរអាមេរិក B-52H បានហោះទៅដល់តំបន់ធ្វើប្រតិបត្តិការ នៃទីបញ្ជាការកណ្តាលរបស់យោធាអាមេរិក ប្រចាំនៅមជ្ឈិមបូព៌ាហើយ នៅចំពោះមុខភាពតានតឹងជាមួយប្រទេសអ៊ីរ៉ង់។ នេះបើតាម ការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០១៩។

បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក យន្តហោះទម្លាក់គ្រាប់បែក បែបយុទ្ធសាស្រ្តចម្ងាយឆ្ងាយ Stratofortress B-52H ចំនួនរហូតដល់ ០៤គ្រឿង បានហោះហើរចេញពីមូលដ្ឋានទ័ពអាកាស បាកស៍ដាល (Barksdale) នៅរដ្ឋ ល្វីសស្យាណា (Louisiana) កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីឆ្ពោះទៅកាន់ មូលដ្ឋានទ័ពអាកាស អាល់យូដេដ (Al Udeid) នៅក្នុងប្រទេសកាតា ហើយនាពេលនេះពួកវាក៏បានទៅដល់គោលដៅរបស់់ខ្លួន។

គួរជម្រាបថា កាលពីថ្ងៃអាទិត្យកន្លងទៅ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) បានប្រកាសឲ្យដឹងអំពីការចល័តក្បួននាវាដឹកយន្តហោះចម្បាំង អាប្រាហាម លីងខូលន៍ (Abraham Lincoln) និងយន្តហោះទម្លាក់គ្រាប់បែកមួយក្រុម ទៅកាន់តំបន់ធ្វើប្រតិបត្តិការរបស់ ទីបញ្ជាការកណ្តាលយោធាអាមេរិក ប្រចាំនៅតំបន់មជ្ឈិមបូព៌ា ដើម្បីជាសារព្រមានមួយដល់ទីក្រុងតេហេរ៉ង់ ព្រោះអ៊ីរ៉ង់មាន ផែនការចង់វាយប្រហារលើកងទ័ពអាមេរិក ក៏ដូចជាទៅលើសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងតំបន់មជ្ឈិមបូព៌ា៕