(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិកកំពុងរៀបចំបញ្ជូន ក៏ដូចជាដាក់ពង្រាយ យន្ដហោះទម្លាក់គ្រាប់បែក B-52 ចំនួន ០៤គ្រឿងទៅកាន់តំបន់មជ្ឈិមបូព៌ាដោយសំអាងថា អ៊ីរ៉ង់មានគំរោងការសម្ងាត់ ក្នុងការវាយប្រហារលើកងទ័ពអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់។ នេះបើតាមការ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន RT នៅព្រឹកថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០១៩។

យោងតាមមន្ត្រីមន្ទីរបញ្ចកោណមួយចំនួន នៅក្នុងលក្ខខណ្ឌមិនបញេ្ចញឈ្មោះបានបង្ហើបថា យន្ដហោះទម្លាក់គ្រាប់បែក B-52 ០២គ្រឿង នឹងធ្វើដំណើរចាកចេញពីមូលដ្ឋានទ័ពអាកាស បាកដាល (Barksdale) ក្នុងរដ្ឋ ល្វីសស្យ៉ាណា (Louisiana) នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ឆ្ពោះទៅកាន់ប្រទេសកាតា ជាទីដែលយន្ដហោះ B-52 ០២គ្រឿងផ្សេងទៀត នឹងត្រូវចូលរួមជាមួយយន្ដហោះទម្លាក់គ្រាប់បែកទាំង ០២គ្រឿងខាងលើនៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ។

បន្ថែមពីខាងលើនេះ យន្ដហោះទម្លាប់គ្រាប់បែកដ៏មានឥទ្ធិពល B-52 ទាំង០៤គ្រឿងនឹងត្រូវដាក់ឱ្យឈរជើង នៅទីស្នាក់ការនៃទីបញ្ជាការកណ្ដាលកងទ័ពអាមេរិក ប្រចាំមូលដ្ឋានទ័ពអាកាស អាល់យូដេដ (al-Udeid) ក្បែរទីក្រុងដូហា ប្រទេសកាតា។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងបញ្ជូនកងនាវាផ្ទុកយន្ដហោះចម្បាំង USS អាប្រាហាម លីងខូលន៍ (USS Abraham Lincoln) និងកងកម្លាំង យន្ដហោះទម្លាក់គ្រាប់បែក ទៅកាន់តំបន់មជ្ឈិមបូព៌ាដោយសំអាងថា អ៊ីរ៉ង់មានគម្រោងវាយប្រហារលើកងទ័ពអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់។ ប៉ុន្តែ ទីក្រុងវ៉ាស៊ីនតោនមិនបានបញ្ជាក់អ្វីលម្អិតនោះទេ ខណៈរដ្ឋមន្ត្រីការបរទេសលោក ប៉ុមប៉េអូ ពេលនេះវិញកំពុងស្ថិតនៅប្រទេសអ៊ីរ៉ាក់៕