(បាកដាដ)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានបំពេញដំណើរទស្សនកិច្ចដោយឥតព្រាងទុក ទៅកាន់ប្រទេសអ៊ីរ៉ាក់ ខណៈសហរដ្ឋអាមេរិកកំពុងមានភាពតានតឹងជាមួយអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០១៩។

លោក ប៉ុមប៉េអូ បានលុបចោលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ដើម្បីជួបថ្នាក់ដឹកនាំ អ៊ីរ៉ាក់អំឡុងទស្សនកិច្ចរយៈពេល៤ម៉ោង នៅថ្ងៃអង្គារសប្ដាហ៍នេះក្នុងទីក្រុងបាកដាដ។ ម្យ៉ាងវិញទៀត ការបំពេញ ដំណើរទស្សនកិច្ចនេះទៀតសោត កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិកបានបញ្ជូនកងនាវា ផ្ទុកយន្ដហោះចម្បាំង និងកងកម្លាំងយន្ដហោះទម្លាក់គ្រាប់បែកទៅកាន់តំបន់មជ្ឈិមបូព៌ា ក្នុងគោលបំណងការពារ ផលប្រយោជន៍អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់ពីការគំរាមកំហែងណាមួយពីសំណាក់អ៊ីរ៉ង់។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកមិនបានបញ្ជាក់លម្អិតពីដំណើរទស្សនកិច្ចរបស់លោក ប៉ុមប៉េអូ ឡើយ ដោយគ្រាន់តែ ឱ្យដឹងថារដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះបានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Adil Abdul-Mahdi៕