(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ីទើបទម្លាយដឹងថា ប្រព័ន្ធការពារមីស៊ីល Pantsir និង Tor ដែលបំពាក់ នៅឯមូលដ្ឋានទ័ព Hmeymim របស់រុស្ស៊ីនៅលើទឹកដីស៊ីរី បានបាញ់ទម្លាក់គ្រាប់រ៉ុក្កែតចំនួន ២៧គ្រាប់ ដែលបានហោះសំដៅមកកាន់តំបន់នេះកាលពីថ្ងៃចន្ទ ដើមសប្តាហ៍។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នាយប់ថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០១៩។

បើតាមការបញ្ជាក់ពីយោធារុស្ស៊ី រ៉ុក្កែតសរុបចំនួន ២៧គ្រាប់ត្រូវបានបាញ់ទម្លាក់ ដោយគ្មានសូម្បីតែ មួយគ្រាប់អាចហោះចូលមកមូលដ្ឋានទ័ព Hmeymim នោះឡើយ។ ប្រការនេះរុស្ស៊ីចង់ បង្ហាញ អំពីអានុភាព នៃប្រព័ន្ធការពារដែនអាកាស Pantsir និង Tor ដែលបានដាក់ពង្រាយរាប់ឆ្នាំ មកហើយ នៅលើមូលដ្ឋានទ័ពរបស់ខ្លួន នាតំបន់ឆ្នេរសមុទ្រប្រទេសស៊ីរី។

គួរបញ្ជាក់ថា បើតាមមន្ត្រីរុស្ស៊ី ទោះបីមូលដ្ឋានទ័ព Hmeymim បានទទួលការការពារយ៉ាងរឹងមាំ តែទីក្រុង Jableh នៅក្បែរនោះវិញ បានទទួលរងការវាយប្រហារដោយមីស៊ីលចំនួន ០៩គ្រាប់ ប៉ុន្តែពុំទាន់មានការបញ្ជាក់អំពីទំហំនៃការខូចខាត និងមនុស្សរងគ្រោះនោះឡើយ។ ដោយឡែកសម្រាប់អ្នកនៅពីក្រោយការវាយប្រហារខាងលើនេះឡើយ ក៏មិនទាន់មានតំរុយនោះដែរ ប៉ុន្តែកន្លងមកការវាយប្រហារ ស្រដៀងគ្នានេះ ធ្លាប់ត្រូវបានធ្វើឡើងដោយអ៊ីស្រាអែល៕