(ណៃពិដោ)៖ ទីបំផុតអ្នកសារព័ត៌មាន Reuters ទាំងពីររូបដែលត្រូវបានតុលាការមីយ៉ាន់ម៉ា កាត់ទោសដាក់ពន្ធនាគារកាលពីខែសីហា ឆ្នាំ២០១៨ ក្នុងម្នាក់ៗ០៧ឆ្នាំនោះ ត្រូវបានរដ្ឋាភិបាលមីយ៉ាន់ម៉ាសម្រេចដោះលែង ឲ្យមានសេរីភាពវិញហើយជាមួយអ្នកទោស សរុបចំនួន ៦,៥២០នាក់ដែលត្រូវបានលើកលែងទោសដូចគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិច នាព្រឹកថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០១៩។

អ្នកសារព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានអន្តរជាតិដ៏ល្បី Reuters ប្រចាំនៅប្រទេសមីយ៉ាន់ម៉ា លោក វ៉ា ឡូណេ (Wa Lone) អាយុ ៣២ឆ្នាំ និងលោក ក្យរ អឿអូ (Kyaw Soe Oo) អាយុ ២៨ឆ្នាំ ត្រូវបានតុលាការមីយ៉ាន់ម៉ាកាលពីខែសីហា ឆ្នាំ២០១៨ សម្រេចថា ពិតជាបាន ល្មើសនឹងច្បាប់ចែងពី ការការពារព័ត៌មានសម្ងាត់ ជាតិមីយ៉ាន់ម៉ា កាលពីសម័យ អាណានិគម នៅពេលដែលពួកគេ ទាំងពីរ បានប្រមូល និងទទួល បានព័ត៌មាន ផ្ទៃ ក្នុងសំខាន់ៗ របស់ ប្រទេស មីយ៉ាន់ម៉ា ក្នុងកំពុងឡុងការធ្វើ សេចក្តីរាយការណ៍របស់ពួកគេ ជុំវិញអំពើ សម្លាប់រង្គាលលើ ជនជាតិភាគតិច រ៉ូហ៊ីងយ៉ា ។

គួរបញ្ជាក់ថា លោកប្រធានាធិបតី វីន ម្យីនត៍ (Win Myint) បានសម្រេចចិត្តលើកលែងទោសឱ្យអ្នកទោសរាប់ពាន់នាក់ កាលពីខែមេសាកន្លងទៅ។ ការសម្រេចចិត្តបែបនេះគឺជាទម្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលអាជ្ញាធរតែងតែងដោះលែង ឬលើកលែងទោសឱ្យអ្នកទោស នៅអំឡុងពិធីបុណ្យប្រពៃណីចូលឆ្នាំថ្មីកាលពីថ្ងៃទី១៧ ខែមេសា៕