(សិង្ហបុរី)៖ គណៈកម្មាធិការស៊ើបអង្កេត (COI) បានរកឃើញថាមូលហេតុដែលបណ្ដាលឱ្យតារាសម្ដែងសិង្ហបុរី លោក Aloysius Pang បាត់បង់ជីវិត កាលពីខែមករាកន្លងទៅ គឺដោយសារតែកំហុសរបស់លោក Pang ផ្ទាល់ និងអ្នកបច្ចេកទេសគ្រឿងម៉ាស៊ីន២នាក់ផ្សេងទៀត ដែលសិ្ថតនៅក្នុងរថពាសដែក SSPH នៅពេលកើតហេតុ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០១៩។

ផ្អែកលើការសាកសួរមនុស្ស២០នាក់មានពាក់ព័ន្ធនឹងគ្រោះថ្នាក់នេះ COI មិនបានរកឃើញភស្ដុតាងណាមួយបង្ហាញ ថាគ្រោះថ្នាក់ដែលកើតឡើងលើលោក Pang គឺជាចេតនានោះទេ។ ប៉ុន្តែលោក Pang ខ្លួនឯងបានឈរនៅទីតាំង ដែលកាំភ្លើងរថពាសធ្វើចលនា ហើយលោកមិនបានប្ដូរទៅរកទីតាំងមានសុវត្ថិភាពវិញឡើយ បើទោះជាមាន
ការព្រមានក៏ដោយ។ រីឯ អ្នកបច្ចេកទេស២នាក់ទៀត បានបរាជ័យក្នុងការបញ្ឈប់ចលនាកាំភ្លើងរបស់រថពាសដែក ឱ្យបានទាន់ពេលវេលា។

គួរបញ្ជាក់ថា លោក Aloysius Pang បានស្លាប់កាលពីខែមករាកន្លងទៅ បន្ទាប់ពីរងរបួសយ៉ាងធ្ងន់អំឡុងពេលចូល រួមសមយុទ្ធបណ្ដុះបណ្ដាលមួយរបស់កងទ័ពសិង្ហបុរី នៅក្នុងប្រទេសនូវែលសេឡង់។ លោក Pang មានអាយុ២៨ឆ្នាំ ត្រូវបានកាំភ្លើងរថពាសដែក SSPH បុកផ្ទប់នឹងកាប៊ីន ខណៈកំពុងដឹកនាំការងារថែទាំនៅក្នុងរថពាសដែកនេះ៕